រថយន្តពីរគ្រឿងបុ.កគ្នាខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងបណ្ដាលឱ្យស្រ្តីម្នាក់រងរបួស​

ភ្នំពេញ ៖​ ស្ត្រីម្នាក់រងរបួស  បន្ទាប់ពីជិះម៉ូតូត្រូវរថយន្តពីរគ្រឿងបុកគ្នាហើយក៏រេចង្កូតមកប៉ះម៉ូតូខ្ទាតទៅបោកផ្ទប់ទ្វារផ្ទះប្រជាពលរដ្ឋ។ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅផ្លូវសម្ដេចជាស៊ីមកែងនឹងផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាករRANGE ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2T-8988 បើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយនារីម្នាក់ទៀតតាមបណ្ដោយផ្លូវសម្តេចជាស៊ីម ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តម៉ាកTOYOTA HIGH LANDER ពណ៌បៃតង ពាក់ស្លាក លេខភ្នំពេញ2AF​-8035 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ២០១១ ទិសដៅពីត្បូងមកជើងយ៉ាងពេញទំហឹង ហើយក៏រេចង្កូតទៅប៉ះម៉ូតូម៉ាកHONDA MOOVE ពណ៌ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1HY-4357 ដែលបើកបរដោយនារីម្នាក់ តាមបណ្ដោយផ្លូវ២០១១បណ្តាលឲ្យរងរបួស និងខ្ទាតម៉ូតូចូលក្រោមរថយន្តRANGE ROVERដែលចតស្ងៀមនៅចិញ្ចើមផ្លូវ។​ រីឯរថយន្ត HIGH LANDERមិនទាន់អស់ល្បឿនក៏វិលទៅបោកផ្ទប់ទ្វារផ្ទះប្រជាពលរដ្ឋ។ ភ្លាមៗនោះ គេឃើញរថយន្ត HIGH LANDER បើកចេញពីកន្លែងកើតហេតុទៅផ្លូវភ្នំពេញហាណូយមកដល់ស្ពានអូតាគុជត្រូវបានសមត្ថកិច្ចឃាត់បានយកមកកន្លែងកើតហេតុវិញ។ ចំណែកឯនារីដែលរងរបួសត្រូវបានរថយន្ត សាម៉ុយដឹកយកទៅសង្គ្រោះផងដែរ​ ។

​   

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ​ បានចុះមកវាស់វែងយកមធ្យោបាយទាំងបីគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

  

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២