រថយន្តតាក់ស៊ីបើកថយក្រោយកិនក្មេងស្រីអាយុ១៧ខែម្នាក់​ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ​ ៖​ ក្មេងស្រីអាយុ១៧ខែម្នាក់ត្រូវបានរថយន្តសាំយ៉ុងបើកថយក្រោយបណ្ដាលឱ្យកិនស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៤​ និង១០នាទីរសៀលថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ៥៩CEo ផ្លូវបេតុងលេខ២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងស្រីរងគ្រោះមានឈ្មោះ សុក្រ ឆាតជេនណា អាយុ១៧ខែ​ រស់នៅជាមួយឪពុកម្ដាយត្រង់ចំណុចទីតាំងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ សាង កុសល អាយុ៣២ឆ្នាំមុខរបរបើកបររថយន្តឈ្នួល មានទីលំនៅភូមិសន្លូងលាប ឃុំព្រៃគ្នេស ស្រុកមេសាង​ ខេត្តព្រៃវែង (កំពុងរត់គេចខ្លួន)។

​ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​ មានអ៊ំក្មេងស្រីរងគ្រោះស្នាក់នៅផ្ទះជាប់គ្នាបានហៅរថយន្តឈ្នួលម៉ាកសាំយ៉ុង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AM-0807បើកបរដោយបុរសម្នាក់ជាអ្នកស្រុកជាមួយគ្នាឱ្យមកយកក្មេងស្រី​ដើម្បីទៅលេងស្រុកកំណើត ខណៈរថយន្តមកដល់ ក្មេងស្រីរងគ្រោះកំពុងដើរលេង នៅមុខផ្ទះ នៅពេលភ្ញៀវឡើងជិះរថយន្តអស់ហើយ អ្នកបើករថយន្តក៏បានឡើងបើករថយន្តថយក្រោយដោយមិនដឹងថាក្មេងស្រីរងគ្រោះរត់ទៅពីក្រោយរថយន្តនៅពេលណា​ ដោយកិនក្មេងស្រីរងគ្រោះចំកង់ក្រោយខាងស្ដាំបណ្ដាលឱ្យរបួសធ្ងន់​ និងបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ។ ចំណែកអ្នកបើកបររថយន្តដោយឃើញសភាពការណ៍មិនស្រួលក៏បានចុះរត់គេចខ្លួនបាត់ស្រមោល​ ។

​  

បន្ទាប់ពីកើតហេតុ​ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ​ បានសហការជាមួយកម្លាំងជំនាញចុះមកដល់កន្លែងកើតហេតុ​យករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត​ ៕​

 

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២