បុរសម្នាក់បើកម៉ូតូទៅបុកខឿនចិញ្ចើមផ្លូវ បណ្តាលឱ្យដួលបោកក្បាលស្លាប់នៅ​នឹងកន្លែងភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូចេញពីបើកលុយកន្លែងធ្វើការ ត្រឡប់ទៅផ្ទះវិញ មិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនផ្លូវបណ្ដាលឲ្យដួលខ្ទាតទៅចិញ្ចើមផ្លូវ បោកក្បាលស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៨ និង ៣០នាទីយប់ថ្ងៃទី ២០ខែមីនា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះស្ពានទី១០ និងទី១១ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះរឹម ពៅ អាយុ២៧ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើត នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិសាត់ 1H-4693 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ពុំដឹងថាមានបញ្ហាអ្វីនោះទេបានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកខឿនផ្លូវ ពេញទំហឹង បណ្ដាលឲ្យដួលផ្លោងជនរងគ្រោះទៅចិញ្ចើមផ្លូវ បោកក្បាលស្លាប់នៅនឹងកន្លែង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្ថិ៍នគបាលរដ្ឋបាលសង្កាត់បាក់ខែង បានចុះមកដល់ពិនិត្យរួចក៏បានទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វើកំណត់ហេតុ យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២