និស្សិត​ត្រូវ​បាន​សម្លាប់ មនុស្សជាង២០០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​តវ៉ាដ៏ហិង្សា​មួយ នៅប្រទេស​កេនយ៉ា

ប៉ូលីសបាននិយាយថា និស្សិតសាកលវិទ្យាល័យមួយនៅក្នុងប្រទេសកេនយ៉ាត្រូវបានសម្លាប់ ហើយមនុស្សជាង 200 នាក់ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី William Ruto ជុំវិញតម្លៃនៃការរស់នៅឡើងខ្ពស់ កាលពីថ្ងៃច័ន្ទ។ ក្រុមបាតុករបានដើរតាមដងផ្លូវនៃរដ្ឋធានីណៃរ៉ូប៊ី និងទីក្រុងមួយចំនួនទៀត ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវឱ្យធ្វើបាតុកម្មដោយមេដឹកនាំគណបក្សប្រឆាំង Raila Odinga ។

អ្នកខ្លះ​បាន​ដុត​ភ្លើង​នៅ​តាម​ផ្លូវ ហើយ​គប់​ដុំ​ថ្ម​ដាក់​ប៉ូលិស។ ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹក រួមទាំងក្បួនរថយន្តរបស់ Odinga នៅពេលដែលគាត់និយាយទៅកាន់អ្នកគាំទ្រពីដំបូលរថយន្តរបស់គាត់។ ប៉ូលីស​បាន​និយាយ​ថា មន្ត្រី​២៤​នាក់​បាន​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នេះ។ ពួក​គេ​មិន​បាន​បង្ហាញ​តួលេខ​នៃ​ការ​រង​របួស​ក្នុង​ចំណោម​បាតុករនោះ​ទេ។

មនុស្សដែលត្រូវបានសម្លាប់ ជានិស្សិតនៅសកលវិទ្យាល័យ Maseno ភាគខាងលិចប្រទេសកេនយ៉ា ត្រូវបានប៉ូលីសបាញ់ចំកញ្ចឹងក ។ នេះបើយោងតាមរបាយការណ៍របស់ប៉ូលីស។


វាជាការផ្ទុះឡើងនៃអំពើហិង្សានយោបាយដ៏ធំលើកដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងកើតមួយនេះ ចាប់តាំងពីលោក Ruto ចូលកាន់តំណែងកាលពីប្រាំមួយខែមុន។ លោក Ruto បានធ្វើឱ្យ Odinga ចាញ់ការបោះឆ្នោតជាលើកទីប្រាំជាប់ៗគ្នា ទោះបីជា Odinga អះអាងថា ការបោះឆ្នោតត្រូវបានលួចបន្លំ យ៉ាងក៏ដោយ។ លោក​បាន​ជំទាស់​នឹង​លទ្ធផល​កាលពី​ឆ្នាំមុន ​នៅ​ចំពោះ​មុខ​តុលាការ​កំពូល តែតុលាការកំពូល​បាន​តម្កល់​ជ័យជម្នះ​របស់ Ruto៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២