បុរសម្នាក់បើករថយន្ត ធ្លាក់ក្នុងប្រឡាយទឹកបឹងសាឡាងក្រឡាប់ផ្ងារជើងច្រង៉ាង តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស

ភ្នំពេញ​ ៖  បុរសម្នាក់ទំនងជាស្រវឹងស្រា​បានបើករថយន្តធ្លាក់ចូលក្នុងប្រឡាយទឹកបឹងសាឡាងក្រឡាប់ផ្ងារជើងច្រង៉ាងឡើងលើ​។ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១២ និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ខែមិនាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលូប្រឡាយលូបឹងសាឡាង​ ក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

​ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តម៉ាកfortunerមួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខ រដ្ឋ 17 2.7117 បើកបរដោបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលំមួយខ្សែ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន​ លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកលូបឹងសាឡាង​ បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងខូចខាតយ៉ាងដំណំ។ ចំណែកម្ចាស់រថយន្តត្រូវបានប្រជាពលរដ្ឋជិតខាងជួយបានឡើងមកលើគោកវិញ មិនមានរងរបួសអ្វីនោះទេ ហើយក៏បានដើរគេចពីកន្លែងកើតហេតុបាត់ស្រមោលផងដែរ​ ។

​  

បន្ទាប់ពីកើតហេតុ​ អាជ្ញាធរមូលដ្ឋានដោយឃើញស្ថានភាពមិនប៉ះពាល់ទៅលើមនុស្ស និងមិនប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋក៏ឱ្យម្ចាស់រថយន្តទាក់ទងទៅរថយន្តស្ទូចមកស្ទូចយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង៕

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២