នាវាល្បាតបារាំងមួយគ្រឿង ឈ្មោះ Prairial នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល៨ថ្ងៃ​

មន្ត្រីស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានឲ្យដឹងថា នាវាល្បាតបារាំងមួយគ្រឿង ឈ្មោះ Prairial នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីរឹតចំណងមិត្តភាពរវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា បន្ទាប់ពីបំពេញបេសសកម្មយ៉ាងយូរលើផ្ទៃសមុទ្រ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានឱ្យដឹងថា ការចូលចតចុងក្រោយរបស់នាវាបារាំងនៅកម្ពុជានេះ ធ្វើឡើងកាលពីឆ្នាំ២០១៦ ហើយគម្រោងចូលចតម្តងទៀតដែលគ្រោងធ្វើឡើងកាលពីឆ្នាំ២០២០-២០២១ តែមិនអាចប្រព្រឹត្តទៅបានដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។ ដូច្នេះ ទស្សនកិច្ចរបស់នាវា Prairial គឺជាសញ្ញាថ្មីមួយទៀតនៃភាពរស់រវើកនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នាវា Prairial មានមូលដ្ឋាននៅ Papeete គឺជានាវារបស់កងទ័ពបារាំងនៅប៉ូលីណេស៊ី ដែលស្ថិតក្រោមការបញ្ជារបស់ឧត្តមនាវី Geoffroy Andigné នាវានេះត្រូវបានប្រើប្រាស់សម្រាប់បំពេញបេសកកម្មផ្សេងៗដូចជាការការពារអធិបតេយ្យនៅតាមតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ឬការផ្ដល់ជំនួយដល់ប្រជាជន ឬចូលរួមក្នុងកិច្ចសហប្រតិបត្តិការនានា។

នាវា Prairial មានបណ្តោយប្រវែង៩៤ម៉ែត្រ ហើយមានសមាជិកនាវិកប្រមាណជា១០០នាក់ ដោយមានផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Dauphin។ ជាទូទៅ នាវា Prairial ចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់នៅក្នុងដែនទឹកអន្តរជាតិ និងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បណ្ដាប្រទេសដែនកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក។

នាវានេះតែងតែបំពេញបេសកកម្មជាប្រចាំនៅតំបន់អាស៊ី ដើម្បីគូសបញ្ជាក់អំពីការប្រកាន់ខ្ជាប់របស់បារាំងចំពោះក្រុមនាវិកតែងធ្វើការផ្លាស់ប្តូរ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់រួម៕

(រូបថតឯកសារពីស្ថានទូតបារាំងប្រចាំកម្ពុជា)

ប្រភព៖ ហ៊ុយ ប៊ុនឡេង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២