ប៉ូឡូញនឹងបង្កើនការផលិតគ្រាប់រំសេវ សម្រាប់ផ្តល់ឱ្យអ៊ុយក្រែន

នាយករដ្ឋមន្ត្រីប៉ូឡូញនឹងបង្កើនការផលិតគ្រាប់រំសេវរបស់ខ្លួន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ុយក្រែន ដែលជាផ្នែកមួយនៃកម្មវិធីសហភាពអឺរ៉ុប ដើម្បីផ្តល់ឱ្យទីក្រុង Kyiv នូវគ្រាប់កាំភ្លើងធំ នេះបើយោងតាមនាយករដ្ឋមន្ត្រី Mateusz Morawiecki បានប្រកាសកាលពីថ្ងៃច័ន្ទ។

លោក Morawiecki បាននិយាយ នៅកំឡុងដំណើរទស្សនកិច្ចទៅកាន់រោងចក្រមួយ នៅភាគអាគ្នេយ៍នៃខេត្ត Podkarpackie ថា “តម្រូវការបន្ទាន់បំផុតរបស់កងកម្លាំងអ៊ុយក្រែនគឺគ្រាប់រំសេវ។ គណៈរដ្ឋមន្ត្រីនឹងប្រកាសផែនការរយៈពេលវែងពិសេសមួយ ក្នុងការជំរុញការផលិតគ្រាប់រំសេវនៅក្នុងប្រទេសប៉ូឡូញ ដែលនឹងរួមចំណែកដល់ការបំពេញតម្រូវការផ្ទាល់ខ្លួនរបស់ប្រទេស និងអ៊ុយក្រែន។

លោក Morawiecki បាននិយាយថា វាមិនមែនជារឿងសម្ងាត់ទេ ដែលសមត្ថភាពបច្ចុប្បន្ននៅអឺរ៉ុបមិនគ្រប់គ្រាន់នោះទេ។ដោយលោក​បានបញ្ជាក់​ថា ទាំង​សហគ្រាស​ឯកជន និង​រដ្ឋ​នឹង​ចូល​រួម​ក្នុង​ផែនការនេះ។

កាល​ពី​សប្តាហ៍​មុន សហភាព​អឺរ៉ុប​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​បញ្ជូន​គ្រាប់​រំសេវ​មួយ​លាន​គ្រាប់​ដល់​អ៊ុយក្រែន​ក្នុង​រយៈ​ពេល ១២ ខែ​ខាង​មុខនេះ។ បណ្តាប្រទេសសហភាពអឺរ៉ុបនឹងបរិច្ចាគគ្រាប់រំសេវពីឃ្លាំងស្តុករបស់ពួកគេទៅឱ្យអ៊ុយក្រែន ហើយថែមទាំងរួមគ្នាទិញសំបកគ្រាប់ថ្មីសម្រាប់ប្រទេសនេះផងដែរ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២