បើករថយន្តថយក្រោយលឿនពេក ជ្រុលទៅបុកម៉ូតូកងបី និងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបុរសពីរនាក់រងរបួស

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តថយក្រោយលឿនពេកជ្រុលទៅបុកម៉ូតូកងបី និងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបុរសពីរនាក់រងរបួស ចំណែករថយន្ត និងម៉ូតូកងបីកល់ជាប់លើទ្រូងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើក រថយន្តបង្កម៉ាកឡិចស៊ីស LX570 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AT-8288 ដោយរយ៉ែចេញពីធនាគារស្ថាបនាយ៉ាងលឿនមកបុកម៉ូតូកងបី មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់កំពុងដឹកភ្ញៀវ ជាបុរសម្នាក់ទៀត កំពុងធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងមកជើងក្នុងល្បឿនល្មម ចំពីចំហៀងពេញទំហឹង បណ្ដាលឱ្យខ្ទាតមកបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្ថែមបាក់អស់៥កង់ កល់ជាប់ទាំងរថយន្ត និងម៉ូតូកងបី នៅលើរបាំងថ្មពុះចែកទ្រូងផ្លូវ និងបណ្តាលឲ្យបុរសពីរនាក់ ម្នាក់ជាម្ចាស់ម៉ូតូកងបី និងម្នាក់ជាភ្ញៀវជនជាតិបរទេសបានរងរបួស និងបានទៅមន្ទីរពេទ្យដើម្បីពិនិត្យរបួស ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្ត និងម៉ូតូកងបី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានាពេលក្រោយ ៕

    

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២