ភ្នំពេញ៖ ក្រោយពីទទួលបានការចាប់អារម្មណ៍ចំពោះវត្តមានកីឡាករជើងខ្លាំងជាច្រើនរូបនៅលើសង្វៀន«មរតកគុនខ្មែរ N.N.P» ដែលមានប្រាក់រង្វាន់ ៤០លានរៀល និងមាស២តំឡឹងនោះមក កីឡាករឈុត សេរីវ៉ាន់ថង បានផ្តល់កិច្ចសម្ភាសតាមរយៈវីដេអូខ្លីមួយថា រូបគេបានត្រៀមខ្លួនរួចហើយ ហើយក៏ចង់ជួបកីឡាករ លី ចំរើន ដើម្បីសាកកណ្តាប់ដៃគ្នាលើសង្វៀនដណ្តើមយកខ្សែក្រវាត់ «មរតកគុនខ្មែរ N.N.P»នេះ ផងដែរ។

កន្លងមកកីឡាករលី ចម្រើនបានចេញវីដេអូចិញ្ចឹមចិត្តចង់ជួបជាមួយឈុត សេរីវ៉ាន់ថង ជាងគេ ទើបធ្វើឱ្យកីឡាកររូបនេះឆ្លើយតបទៅវិញថា៖សម្រាប់រូបគេបានត្រៀមខ្លួនរួចរាល់ហើយ ហើយក៏ពេញចិត្តចំពោះការចាប់ឆ្នោតមុនប្រកួតដូចគ្នា ប៉ុន្តែកន្លងមករូបគេធ្លាប់ប៉ះគ្នាជាមួយកីឡាករលី ចម្រើនដែរ ប៉ុន្តែការប្រកួតគ្នាពេលនោះ មានចាញ់ មានឈ្នះ ដោយពួកគេមិនទាន់អស់ចិត្តឡើយ។
កីឡាករ ឈុត សេរីវ៉ាន់ថង ក៏បានបន្ថែមទៀតថា ប្រសិនបើរូបគេប៉ះគ្នាជាមួយចម្រើនម្តងទៀត ក៏មិនមែនជារឿងងាយស្រួលនោះទេ ព្រោះគេល្អជើង និងកែង សម្រាប់រូបគេមានតែប្តេជ្ញាចិត្តធ្វើឱ្យល្អ និងបញ្ចេញឱ្យអស់ពីសមត្ថភាពផងដែរ។

សូមជម្រាបផងដែរថា ស្ថិតនៅក្នុងវគ្គជម្រុះជុំទី១ ការប្រកួតដណ្ដើមជើងឯកខ្សែក្រវាត់ មរតកគុនខ្មែរ N.N.P នេះ មានប្រាក់រង្វាន់ចំនួន ៤០លានរៀល និងមាសចំនួន២តំឡឹង ដែលមានកីឡាករជើងខ្លាំងប្រចាំទម្ងន់ ៦០គ.ក្រ រួមមាន៖ ឈុត សេរីវ៉ាន់ថង, លី ចំរើន SBC, លៀប រដ្ឋា និង ធន់ ក្របី នឹងត្រូវឡើងតតាំងគ្នាលើសង្វៀន ដើម្បីស្វែងរកបេក្ខភាពទី១ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ។

ក្រៅពីជំនួបជម្រុះដណ្ដើមខ្សែក្រវាត់ ក៏មានការប្រកួតមិត្តភាពអន្តរជាតិពិសេសផងដែរ៖
ព្រំ សំណាង vs. ARVIN MEHBOUDI
ឈឿន ល្វៃ vs. MOHAMMAD KANANI
អេលីត រស្មី vs. សាំងហ្វា ណ. អានុវ៉ាត

កុំភ្លេចណា ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ស្អែកនេះ ចូលរួមទស្សនាដោយសេរីនៅស្ទូឌីយោស្ថានីយទូរទស្សន៍ TOWN FULL HD TV ទាំងអស់គ្នា៕
ដោយ៖ វិកគី

