ធនាគារពិភពលោក សន្យាផ្តល់ប្រាក់ ២០០ លានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងប្រទេសអ៊ុយក្រែន

ធនាគារពិភពលោកបានប្រកាសកាលពីថ្ងៃពុធម្សិលម៉ិញនេះថា ខ្លួនផ្តល់ជំនួយចំនួន 200 លានដុល្លារសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ខណៈដែលមន្ត្រីមកពីប្រទេសដែលហែកហួរដោយសង្រ្គាមនេះបានជួបជាមួយមេដឹកនាំស្ថាប័នហិរញ្ញវត្ថុនៅទីក្រុងវ៉ាស៊ីនតោន។

ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីបានធ្វើឱ្យខូចខាតច្រើនជាង 50 ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែននៅក្នុងការវាយប្រហារទៅលើប្រទេសជិតខាងរបស់ខ្លួនក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងា។ ភាគ​ខាង​កើត​របស់​អ៊ុយក្រែន​ជា​កន្លែង​មាន​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត​។

មូលនិធិនេះត្រូវបានផ្តល់ដោយមូលនិធិជំនួយសង្គ្រោះអ៊ុយក្រែន ការស្ដារឡើងវិញ ការកសាងឡើងវិញ និងកំណែទម្រង់ Trust Fund (URTF) ជាមួយនឹងគោលដៅរហូតដល់ 300 លានដុល្លារជាមូលនិធិបន្ថែមពីដៃគូ នៅពេលដែលគម្រោងនេះពង្រីកវិសាលភាពរបស់ខ្លួន ។

គម្រោងនេះនឹងកំណត់គោលដៅជួសជុលបន្ទាន់ដល់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងកំដៅ។

នាយកគ្រប់គ្រងធនាគារពិភពលោក Anna Bjerde បាននិយាយថា “ហេដ្ឋារចនាសម្ព័ន្ធថាមពលបានរងការខូចខាតគិតជាទឹកប្រាក់មានចំនួន 11 ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយជាផ្នែកមួយដ៏សំខាន់បំផុតដែលអ៊ុយក្រែនត្រូវការជំនួយជាបន្ទាន់” ។ធនាគារពិភពលោកបានកៀងគរហិរញ្ញប្បទានជាង 23 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានកាលពីខែកុម្ភៈឆ្នាំមុន ជាមួយនឹងទឹកប្រាក់ចំនួន 20 ពាន់លានដុល្លាររហូតមកដល់ពេលនេះ។

សេចក្តីប្រកាសនេះបានធ្វើឡើងនៅមុនតុមូលស្តីពីអ៊ុយក្រែននៅទីស្នាក់ការកណ្តាលរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលធ្វើឡើងនៅអំឡុងពេលកិច្ចប្រជុំនិទាឃរដូវរបស់អ្នកផ្តល់ប្រាក់កម្ចី។

នៅអំឡុងពេលនៃព្រឹត្តិការណ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានថ្លែងអំណរគុណដល់ដៃគូតាមរយៈ videolink សម្រាប់ការគាំទ្ររបស់ពួកគេ និងបានជំរុញឱ្យមានការគាំទ្របន្ថែមទៀត។

IMF បានប្រកាសកាលពីថ្ងៃទី 31 ខែមីនាថា ខ្លួនបានអនុម័តកញ្ចប់ជំនួយចំនួន 15.6 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលបង្កើតជាផ្នែកនៃមូលនិធិនៃកញ្ចប់ជំនួយសរុបចំនួន 115 ពាន់លានដុល្លារ ដែលរួមមានការបន្ធូរបន្ថយបំណុល ជំនួយ និងកម្ចីដោយស្ថាប័នពហុភាគី និងទ្វេភាគី។


ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែននឹងត្រូវការទឹកប្រាក់ប្រមាណជា 411 ពាន់លានដុល្លារសម្រាប់ការស្តារ និងកសាងឡើងវិញ នេះបើយោងតាមការសិក្សាថ្មីមួយរបស់ធនាគារពិភពលោក អង្គការសហប្រជាជាតិ គណៈកម្មការអឺរ៉ុប និងអ៊ុយក្រែន៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២