ការបែងចែកការផ្សាយផ្ទាល់របស់ទូរទស្សន៍ក្នុងស្រុកក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងកំណត់ច្បាស់ក្រោយបុណ្យចូលឆ្នាំខ្មែរនេះ

ភ្នំពេញ៖ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងក្រសួងព័ត៌មាន និងតំណាងស្ថានីយទូរទស្សន៍ទាំងអស់ក្នុងស្រុក បានចូលរួមកិច្ចប្រជុំជជែកលម្អិត ស្តីពីការបែងចែកតួនាទីភារកិច្ចរបស់ស្ថានីយទូរទស្សន៍ ដែលត្រូវផ្សាយផ្ទាល់ការប្រកួតកីឡានីមួយៗ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកសោតទស្សន៍នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មាធិការជាតិ CAMSOC។

ឯកឧត្តម ផុស សុវណ្ណ បានគូសបញ្ជាក់ថា៖ «នេះជាកិច្ចប្រជុំពិភាក្សាអំពីការបែងចែកស្ថានីយទូរទស្សន៍ សម្រាប់ការផ្សព្វផ្សាយប្រភេទកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣។ ជារួម កិច្ចប្រជុំនេះ មានគោលបំណងជំរុញឱ្យការបែងចែកថា ទូរទស្សន៍ណា ត្រូវផ្សាយប្រភេទកីឡាអីខ្លះ ដើម្បីជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្ររបស់កម្ពុជា ស្របតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន»។

 

បន្ថែមពីលើនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ៖«យើងបានជជែកគ្នាអំពី១៦ប្រភេទកីឡា ដែលត្រូវបានផលិតដោយ CSTV-SGTV ថាត្រូវយកទៅផ្សាយនៅទូរទស្សន៍ណាខ្លះ និងម៉ោងប៉ុន្មាន។ ចំណែក២០ ឬ២១ប្រភេទកីឡាទៀតថាតើស្ថានីយទូរទស្សន៍ប៉ុន្មាន អាចមានលទ្ធភាពផលិតបាន ហើយប្រភេទកីឡាណាខ្លះ ដែលផលិតមិនបាន មានមូលហេតុអ្វី ដោយសារបញ្ហាអ្វីខ្លះ ឬស្ថិតលើបញ្ហាថវិកា សមត្ថភាព ឬបច្ចេកទេស? ការលើកឡើងបញ្ហាទាំងនេះ ដើម្បីយើងមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការរាយការណ៍ជូន និងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំរដ្ឋាភិបាល»។

បើយោងតាមសេចក្តីសម្រេចថ្មីៗនេះ របស់គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានឱ្យដឹងថា សិទ្ធិ និងភារកិច្ចគ្រប់គ្រងដឹកនាំការផ្សាយផ្ទាល់ និងព័ត៌មាន ដោយគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយដឹកនាំដោយឯកឧត្តម ផុស សុវណ្ណ ជាប្រធាន។ CSTV ជួយរៀបចំមជ្ឈមណ្ឌលផ្សាយផ្ទាល់អន្តរជាតិ IBC និងផលិតការផ្សាយផ្ទាល់១១ប្រភេទកីឡា និង SGTV ផលិត ៥ប្រភេទកីឡា និង៣ប្រភេទកីឡាប៉ារ៉ាហ្គេមជនពិការ។ ប្រភេទកីឡា ២១ទៀត ផ្តល់សិទ្ធិជូនគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយបែងចែកជូនទូរទស្សន៍ ក្នុងប្រទេសផលិតការផ្សាយបន្តផ្ទាល់ ដោយផ្តល់សិទ្ធិជូនដោយសេរី ទោះបីជាក្រុមហ៊ុន Competitors ជាមួយក្រុមហ៊ុនឧបត្ថម្ភផ្លូវការរបស់ SEA Games-ASEAN Para Games ក៏ដោយ។

ចំណែកកីឡាចំនួន១៦ប្រភេទទៀត ផលិតដោយ CSTV-SGTV ទទួលបានការផ្សាយបន្តផ្ទាល់ដោយសេរី ហើយទូរទស្សន៍ក្នុងស្រុកអាចរក Sponsors ដាក់ផ្សាយពេលម៉ោងសម្រាកការប្រកួតបានគ្រប់ពេលវេលា។ ការផ្សាយបន្តផ្ទាល់ដឹកនាំដោយគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយត្រូវសហការគ្នា សម្របសម្រួលបច្ចេកទេស និងការងារជាមួយ CSTV-SGTV ក្រុមប្រព័ន្ធ GMS ក្រុមហ៊ុន Pathmazing និងភាគីចិនរៀបចំពិធីបើក-បិទ។ ចំពោះពិធីបើក-បិទ ថតផលិតផ្សាយផ្ទាល់បញ្ចូលទៅក្នុង IBC ដោយភាគីចិនទាំងស្រុង៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២