មកស្វែងយល់ពី«ជំងឺមហារីកសុដន់»ដែលស្ត្រីគ្រប់រូបគួរតែមានការប្រុងប្រយ័ត្នខ្ពស់

ជំងឺមហារីកសុដន់គឺជាជំងឺដ៏កាចសាហាវ និងគ្រោះថ្នាក់បំផុតចំពោះស្ត្រី ​ប្រសិនបើមិនបានទៅពិនិត្យ និងធ្វើការព្យាបាលឱ្យបានទាន់ពេលវេលានោះទេ វាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ហើយជំងឺនេះភាគច្រើនវាកើតឡើងតែនៅលើស្ត្រីប៉ុណ្ណោះ បច្ចុប្បន្ននេះ មានស្ត្រីកម្ពុជាមួយចំនួនបានកើតជំងឺនេះ ហើយអ្នកខ្លះបានទៅរកការព្យាបាលនៅក្រៅប្រទេស ហើយអ្នកខ្លះទៀតបានទៅរកការព្យាបាលពីគ្រូពេទ្យជំនាញនៅក្នុងប្រទេស។

ដើម្បីចង់ដឹងពីជំងឺមហារីកសុដន់នេះ អ្នកយកព័ត៌មានរបស់យើងបានជួបសម្ភាស ជាមួយលោកសាស្ត្រាចារ្យវេជ្ជៈបណ្ឌិត តន់ ផល្លី អតីតជាគ្រូពេទ្យឯកទេស វះកាត់ និងព្យាបាលជំងឺមហារីកសុដន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបច្ចុប្បន្នជាម្ចាស់មន្ទីរសម្រាកព្យាបាល តន់ ផល្លី  លោកវេជ្ជៈបណ្ឌិតបានមានប្រសាសន៍ថា ដូចដែលយើងបានដឹងស្រាប់ហើយ ជំងឺមហារីកសុដន់បានកើតឡើងភាគច្រើនលើស្ត្រី ដែលមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ។ជាទូទៅជំងឺមហារីក វាបានកើតឡើងដោយសារកោសិការ ដែលវាបានក្លាយខ្លួនបន្តិចម្តងៗបង្កទៅជាដុំសាច់ ហើយដុំសាច់នោះវាបានរាតត្បាតទៅសិរីរាង្គផ្សេងៗទៀត ធ្វើឱ្យសិរីរាង្គផ្សេងទៀតខូចខាត នេះហើយគេហៅថាជំងឺមហារីក។ជំងឺមហារីកសុដន់ជាជំងឺដែលបានកើតឡើងដោយកត្តាជាច្រើនដូចជា ដោយសារកត្តាអ័រម៉ូន កត្តាពូជ កត្តាចំណីអាហារ កត្តាបរិយាកាស និងដោយសារកត្តាជាលិកាវិទ្យា ដូច្នេះហើយទើបគេមិនអាចរកថ្នាំមកព្យាបាលជំងឺនេះឱ្យជាសះស្បើយបាន ដោយសារវាមិនមានមូលហេតុច្បាស់លាស់ ទើបធ្វើឱ្យមានការពិបាកក្នុងការព្យាបាល។

ជំងឺមហារីកសុដន់នេះគឺជាជំងឺមួយ ដែលយើងពិបាករកសញ្ញាក្លីនិកនៅដំណាក់កាលដំបូងបំផុត ពីព្រោះកាលណាវាចេញជាដុំ ដែលអ្នកជំងឺឬគ្រូពេទ្យបានស្ទាប់ឃើញគឺវានៅក្នុងដំណាក់កាលទី១ ឬទី២ ដែលជាដំណាក់កាលមួយក្នុងការព្យាបាលមានភាគរយជាសះស្បើយ។ ដូច្នេះហើយបានជាយើងមានគោលការណ៍គ្រឹះមួយថា ដើម្បីចង់បានឱ្យព្យាបាលជំងឺនេះជា ជំងឺមហារីកសុដន់ គួរតែមានកម្មវិធីមួយ គេហៅថា កម្មវិធីស្រាវជ្រាវជំងឺមហារីកសុដន់។ហើយកត្តាដែលរកឃើញនោះគឺទី១ស្ត្រីខ្លួនឯងនោះ គួរតែស្ទាប់នៅលើសុដន់ខ្លួនឯងទាំងសងខាង បើវាកើតគេនឹងឃើញមានដុំ លក្ខណៈដុំនោះមានសភាពរឹង មានផ្ទៃគ្រើមមិនស្មើសាច់ ហើយមិនឈឺទៀត នេះហើយជាលក្ខណៈដុំមហារីកដែលស្ត្រីគ្រប់រូបមានការភ័នច្រឡំជាមួយនឹងជំងឺឈឺសុដន់ ព្រោះកាលណាឈឺបានគាត់ភ័យខ្លាច ហើយរត់មកមន្ទីរពេទ្យតែផ្ទុយទៅវិញដុំមហារីកជាដុំមួយមិនមានការឈឺចាប់នោះទេ បើយើងមិនបានខ្វាយខ្វល់ពីដុំនោះ ទុករហូតដល់ដុំនោះ មានសភាពរីកធំឡើងៗដែលជាកត្តាមួយធ្វើឱ្យការព្យាបាលមានការពិបាកបំផុត។

ជំងឺមហារីកសុដន់នេះគឺជាជំងឺមួយមានការពិបាកព្យាបាលនៅក្នុងដំណាក់កាលចុងក្រោយ ប៉ុន្តែមានវិធីសាស្ត្រជាច្រើនដែលគេបានធ្វើការស្រាវជ្រាវនូវជំងឺមហារីកដំបូង ដែលគេអាចព្យាបាលជាសឹងតែ១០០%គឺគេចាត់ដំណាក់កាលទី១ ទី២ ទី៣ និងដំណាក់កាលទី៤ និងដំណាក់កាលដំបូងបំផុតដែលគេហៅថា ជំងឺមហារីកក្នុងផ្លូវទឹកដោះ ដែលយើងព្យាបាលជាសឹងតែ ១០០% ដូច្នេះស្ត្រីគ្រប់រូបគួរតែស្រាវជ្រាវរកជំងឺមហារីកនៅដំណាក់កាលដំបូងនេះ កុំទុកចាំដល់ដំណាក់កាលទី១ ទី២ ឬទី៣ ដែលជាដំណាក់កាលធ្វើឱ្យភាគរយនៃការព្យាបាលជា មានការថយចុះ។ចំពោះបុរសក៏គេប្រទះឃើញមានករណីកើតជំងឺមហារីកសុដន់ដែរ ប៉ុន្តែភាគរយនៃការកើតជំងឺមហារីកលើបុរស វាមានតិចតួចបំផុតគឺមាន1.00១%ប៉ុណ្ណោះ។

**តើមានវិធីការពារកុំឱ្យកើតជំងឺមហារីកសុដន់នេះទេ?

យើងមិនមានវិធីការពារជំងឺមហារីកសុដន់ ដូចមហារីកមាត់ស្បូននោះទេ ដោយមហារីកមាត់ស្បូនយើងមានវ៉ាក់សាំងចាក់ការពារ ដោយសារវាមានមេរោគបង្កធ្វើឱ្យកើតមហារីកមាត់ស្បូន ។ចំណែកមហារីកសុដន់នេះ ដូចបងប្អូនដឹងស្រាប់ហើយថា មិនមានមេរោគអ្វីច្បាស់លាស់សម្រាប់ឱ្យកើតមហារីកនោះទេ ដូច្នេះវិធីការពារមិនមានវ៉ាក់សាំង មិនមានថ្នាំការពារទេ មានតែវិធីតែមួយគត់គឺមានតែការថតស្រាវជ្រាវរកមហារីកដំបូងបំផុត ដែលយើងអាចព្យាបាលបានជា១០០%។

តាមការសិក្សាស្រាវជ្រាវសព្វថ្ងៃនេះ មានករណីកើតជំងឺមហារីកសុដន់កាន់តែច្រើនទៅៗមិនត្រឹមតែមហារីកសុដន់ទេ ជំងឺមហារីកដទៃទៀតក៏មានការកើនឡើងច្រើនដែរ។បើយើងប្រៀបធៀបស្ត្រីសព្វថ្ងៃនេះ ជំងឺមហារីកមាត់ស្បូនមានច្រើនជាងមហារីកសុដន់ ដូច្នេះហើយយើងគួរតែមានការចាប់អារម្មណ៍ មានការប្រយ័ត្នប្រយែងក្នុងការហូបចំណីអាហារដែលមានសារធាតុគីមី និងចៀសវាងការប្រើប្រាស់ ឬប៉ះពាល់សម្ភារផ្សេងៗដែលមានបាក់តេរី ដែលបង្កឱ្យកើតមេរោគ ដូច្នេះគួរតែចៀសវាង និងមានអនាម័យក្នុងជីវិតរស់នៅប្រចាំថ្ងៃទើបជាការល្អ។

បើបងប្អូនមានការសង្ស័យ ឬមានដុំនៅលើសុដន់របស់អ្នក អាចទូរស័ព្ទជួបពិគ្រោះយោបល់ជាមួយលោកវេជ្ជៈបណ្ឌិតបាន តាមរយៈលេខទូរស័ព្ទ៖  ០១៧ ៣០ ៣០ ៩៨ , ០១៦ ៧៦ ៦៥ ៨៨ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២