កីឡាការិនីស្នូកឃ័រដ៏ឆ្នើម ស្រួង ភាវី បានមកដល់កម្ពុជាហើយ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២

ភ្នំពេញ៖ កីឡាការិនី ស្រួង ភាវីបានមកដល់កម្ពុជាហើយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ ការត្រឡប់មកនេះគឺដើម្បីត្រៀមការប្រកួតស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ ។

តាមរយៈកីឡាការនីដ៏មានប្រជាប្រិយភាពរូបនេះបានឱ្យដឹងថា ការប្រកួតនៅស៊ីហ្គេមនេះគឺជាការបំពេញក្ដីស្រមៃរបស់ខ្លួនផងដែរ ដែលរយៈពេល ១០ឆ្នាំមកនេះ ខ្លួនគេចង់ប្រកួតលើទឹកដីកម្ពុជា ចង់ប្រកួតតំណាងឱ្យកម្ពុជា ចង់ចូលរួមលើកមុខមាត់កម្ពុជាលើទឹកដីកំណើតរបស់ខ្លួនក្នុងឱកាសណាមួយ។ ឥលូវនេះគឺនឹងបានសម្រេចហើយដោយរូបគេនឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅអំឡុងខែឧសភាឆាប់ៗនេះ។

បើតាមកីឡាការិនីដ៏ឆ្នើមរូបនេះបានឱ្យដឹងថា រូបគេនឹងចូលរួមផ្សព្វផ្សាយ ក៏ដូចជាបណ្ដុះធនធានកីឡាករ កីឡាការិនីប្រភេទកីឡាស្នូកឃ័រឲ្យកាន់តែទូលំទូលាយមានគេស្គាល់ និងមានប្រជាប្រិយនៅកម្ពុជាឲ្យដូចនៅតាមបណ្ដាប្រទេសផ្សេងៗដែលគេកំពុងលេង។

សូមជម្រាបផងដែរថា កីឡាការិនី ស្រួង ភាវី បានមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ហើយកីឡាការិនីរបស់កម្ពុជារូបនេះនឹងមានការប្រកួតចែករំលែកបទពិសោធមួយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្នុងក្លឹបប៊ីយ៉ា Lux 98 មុនឈានដល់ការប្រកួតស៊ីហ្គេម លើកទី៣២ ខែឧសភា ខាងមុខនេះ៕

ដោយវិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២