ភ្នំពេញ៖ ក្រោយអវត្តមានមួយសប្តាហ៍ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះសង្វៀនគុនខ្មែរឆេមពានបានត្រឡប់មកវិញហើយ នៅក្នុងថ្ងៃអាទិត្យទី ២៣ ខែមេសា ឆ្នាំ ២០២៣ចុងសប្តាហ៍នេះ ចាប់ពីម៉ោង ១១:០០ ព្រឹកតទៅ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោនហ្វូលអិចឌីធីវី។


នៅក្នុងការប្រកួតលើសង្វៀនគុនខ្មែរឆេមពាន នាចុងសប្តាហ៍នេះ មានវត្តមានកីឡាករជើងខ្លាំងគុនខ្មែរចំនួន 4 រូប ដែលនឹងត្រូវប៉ះគ្នានៅក្នុងការប្រកួតគូរមិត្តភាពជាតិគុនខ្មែរនៅលើសង្វៀនគុនខ្មែរឆេមពាននៅចុងសប្តាហ៍នេះ។

សូមជម្រាបផងដែរថា សម្រាប់ការប្រកួតគូរមិត្តភាពគុនខ្មែរទី ១ គឺជាការប្រកួតរវាងកីឡាករឃន គឹមហេង ត្រូវប្រកួតប៉ះជាមួយនឹងកីឡាករតាំង សីហា។ ចំណែកឯការប្រកួតគូទី ២ ជាការប្រកួតរវាងកីឡាករឌុន ខ្លាតូច ត្រូវមកប៉ះជាមួយនឹងកីឡាករនេត្យ ពីឈីង ដែលជាកីឡាករគុនខ្មែរមួយរូបពោរពេញទៅដោយសមត្ថភាពកំពុងទទួលបានការគាំទ្រពីសំណាកអ្នកគាំទ្រគុនខ្មែរជាច្រើន។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតគូទាំងពីរនេះគឺប្រព្រឹត្តទៅរយៈពេល ៣ទឹក ដោយក្នុងមួយទឹកគឺមានរយៈពេល៣នាទី ដោយក្នុងនោះគឺមានចៅក្រមដាក់ពិន្ទុចំនួន ៥រូប និងលោកអាជ្ញាកណ្ដាលមួយរូបដែលជាអ្នកបញ្ជាការប្រកួតនៅលើសង្វៀនផងដែរ៕
ដោយ៖វិគគី

