ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយពង្រឹង និងកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ជាមួយគ្នានេះ មានគម្រោងអាទិភាព និងសំខាន់មួយចំនួន ដែលមានទំហំទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេភស្តុភារកម្ម សម្រាប់ធ្វើការអនុវត្តក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីឱ្យប្រទេសកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មដ៏សំខាន់មួយ នៅក្នុងតំបន់។


នៅក្នុងជំនួបមួយ ជាមួយគណៈប្រតិភូថៃ ដែលមានគោលបំណង និងបង្ហាញឆន្ទៈក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យភស្តុភារកម្មនៅក្នុងកម្ពុជា នៅទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូន នាថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងថា ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្នុងនោះមានគម្រោងជាង ៣០០ ក្នុងទំហំទឹកប្រាក់ប្រមាណជា ៥០ពាន់លានដុល្លារអាមេរិក ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេភស្តុភារកម្ម សម្រាប់ធ្វើការអនុវត្តក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងតំបន់។


ជាមួយគ្នានេះដែរ ក្រសួងទើបបានចុះកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ (Financial Advisory Service Agreement) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ក្នុងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville Logistics Complex) ជាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មលើកទី២ ដែលក្រសួងបានអនុវត្ត ។


ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវគោក ត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ដើម្បីឱ្យការតភ្ជាប់ ប្រទាក់ក្រឡាគ្នាពាសពេញផ្ទៃប្រទេស។ ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣នេះ។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា ព្រមទាំងគម្រោងលើកកម្រិតគុណភាពផ្លូវជាតិ ផ្លូវខេត្តជាច្រើនខ្សែទៀត ដែលកំពុងអនុវត្តការសាងសង់សព្វថ្ងៃ។ លើសពីនេះ ផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិតឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ។


ទាក់ទងនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងទៀតថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ការង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ និងគម្រោងស្ថាបនាកំពង់ផែពហុបំណងខេត្តកំពត ដែលទាំងអស់នេះធ្វើឡើងដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយការចំណាយ និងលើកមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍ផងដែរ៕
ដោយ៖ សំណាង