ខ្លាំងមែនគុនខ្មែរ! កីឡាករគុនខ្មែរគង់ ហូវ ផ្ដួលកីឡាករថៃឲ្យបោះបង់ការប្រកួត នៅត្រឹមទឹកទី២

ភ្នំពេញ ៖ នៅក្នុងការប្រកួតលើសង្វៀនគុនខ្មែរឆេមពានរបស់ស្ថានីយទូរទស្សន៍ថោនកាលពីព្រឹកថ្ងៃអាទិត្យទី ២៣ មេសាឆ្នាំ ២០២៣ ម្សិលមិញនេះ បានធ្វើឲ្យមហាជនលាន់មាត់សរសើរកីឡាករគង់ ហូវ ដែលជាប្អូនប្រុសរបស់គង់ សំបូរមិនដាច់ពីមាត់។

មួយរយៈចុងក្រោយនេះកីឡាករគង់ ហូវបានបង្ហាញសមត្ថភាពនៅលើសង្វៀនប្រដាល់គុនខ្មែរជាពិសេស នៅលើសង្វៀនធំៗរបស់ស្ថានីយទូរទស្សន៍ថោន ដោយបានបង្ហាញនូវការប្រកួតបានយ៉ាងល្អ ជាមួយការបង្ហាញសមត្ថភាព​ និងការបញ្ចេញក្បាច់ក្នុងការវាយទៅលើគូប្រកួតដើម្បីយកឈ្នះ ក៏ដូចជាផ្ដួលគូប្រកួតជាច្រើនលើកច្រើនសារ។

ដោយឡែកនៅក្នុងការប្រកួត នៅលើសង្វៀនគុនខ្មែរឆេមពានកាលពីវេលាម៉ោង១១ ព្រឹកនៅថ្ងៃអាទិត្យម្សិលម៉ិញនេះ កីឡាករគុនខ្មែរគង់ ហូវបានផ្ដួលគូប្រកួតរបស់ខ្លួន ដែលជាកីឡាករមកពីប្រទេសថៃឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទីពីរ ដោយសារតែមានបញ្ហាជើង។ហើយក្នុងនោះផងដែរកីឡាករគង់ ហូវ ក៏បានថ្លែងប្រាប់អ្នកយកព័ត៌មានរបស់ថោនថា ដោយសារតែនៅចុងទឹកទីមួយរូបគេបានមើលឃើញអំពីចំណុចខ្សោយរបស់គូប្រកួតខ្លួនបាត់ទៅហើយ គឺមានបញ្ហាជើង ដូច្នេះនៅក្នុងទឹកទីពីររូបគេ ក៏សម្រេចផ្ដួលគូប្រកួតឱ្យដួលនៅលើសង្វៀនតែម្ដង។

សូមជម្រាបផងដែរថា នៅក្នុងការប្រកួតលើសង្វៀនគុនខ្មែរឆេមពានមានការផ្សាយចាប់ពីវេលាម៉ោង ១១ ព្រឹករហូតដល់ម៉ោង ១ រសៀលរៀងរាល់ថ្ងៃអាទិត្យ ហើយបងប្អូនអាចចូលរួមធ្វើការតាមដានទស្សនាដោយសេរី នៅស្ថានីយទូរទស្សន៍ថោន ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦៕

     

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២