ភ្នំពេញ៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានបិទបញ្ចប់ជាផ្លូវការ ប្រកបទៅដោយភាពជោគជ័យ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។


ពិធីនេះបានធ្វើឡើងនៅព្រឹកព្រលឹម ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC, ឯកឧត្តម Atsphangthong Siphandone អភិបាលរដ្ឋធានីវៀងចន្ទន៍ និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកឡាវ, លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ឯកឧត្តម Alounxay Sounnalath រដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី, លោកជំទាវ Khanthaly Siriphonghane អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡា និងជាប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកឡាវ និងភ្ញៀវកិត្តិយសជាច្រើនទៀត។

ពិធីរត់ដង្ហែភ្លើងគប់ បានចាប់ផ្ដើមដោយមានចម្ងាយផ្លូវប្រមាណជា ៥,៥គីឡូម៉ែត្រ ចេញពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទៅបញ្ចប់នៅរមណីយដ្ឋានមហាចេតីយផាថាតហ្លួង ដោយមានមន្ត្រី អ្នកមុខអ្នកការ ក្រុមកីឡាករ-កីឡាការិនី និងប្រជាពលរដ្ឋអមតាមផ្លូវសរុបជាង ១,៥០០នាក់។

ឡាវ គឺជាប្រទេសចុងក្រោយគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវឆ្លងកាត់បន្ទាប់ពីការចាប់ផ្ដើមនៅប្រទេសវៀតណាម, ហ្វីលីពីន, ឥណ្ឌូណេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងឡាវ ស្របពេលដែលប្រទេសព្រុយណេ ខកខានរៀបចំពិធីទទួល ដោយសារប្រទេសនេះ ស្ថិតក្នុងខែបួស រ៉ម៉ាដន។
ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមេសានេះ តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង មុននឹងបន្តដំណើររត់តាមបណ្ដាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រ៕

ដោយ៖ វិកគី

