ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អនុញ្ញាតទទួលជួប ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំប្រតិភូវិនិយោគចិន មកពីប្រទេសចិន ជាប្រភេទក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ពាណិជ្ជកម្ម ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំភាគីចិន ចូលរួមវិនិយោគក្នុងប្រទេសកម្ពុជា។


ឯកឧត្តម ដួង ដារ៉ា បានថ្លែងថា ក្រុមហ៊ុនវិនិយោគចិនមកពេលនេះ គឺជាក្រុមហ៊ុនមួយដែលទទួលស្គាល់ពីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសចិន។ ហើយសម្តេចតេជោ បានចាប់អារម្មណ៍ខេត្តកំពង់ធំ ជាខេត្តមួយដែលសំខាន់ មានសក្តានុពល អភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេស ដំណាំស្វាយចន្ទីរ ព្រមទាំងជម្រុញក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម មកពិនិត្យស្ថានភាព និងសក្តានុពលកសិកម្មនៅខេត្តកំពង់ធំ។ហើយក្រុមហ៊ុនវិនិយោគចិន ត្រូវការផ្ទៃដីកសិកម្មប្រមាណជាង ៣០ម៉ឺនហិចតា ដែលចំណាយថវិកាវិនិយោគប្រមាណជាង ៤០០លានដុល្លាសហរដ្ឋអាមេរិក សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងក្រុមការងារបច្ចេកទេសកសិកម្មបែបទំនើប។ ហើយក្រៅផលិតផលកសិកម្មរបស់ក្រុមហ៊ុន ក្រុមហ៊ុនចិនជួយរកទីផ្សារ និងទទួលផលិតផលកសិកម្មរបស់កសិករទៅតាមតម្លៃទីផ្សារ។


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងអរគុណដល់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្លាតវៃ ក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេស មកដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសបានចង្អុលបង្ហាញអ្នកវិនិយោគចិន ឲ្យជ្រើសរើសយកខេត្តកំពង់ធំ ក៏ដូចជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ចុះមកពិនិត្យសក្តានុពល និងស្ថានភាពដីកសិកម្មក្នុងប្រទេសកម្ពុជា ។


ឯកឧត្តម ងួន រតនៈ បានបន្ថែមទៀតថា ជំនួសមុខថ្នាក់ដឹកនាំខេត្ត សូមស្វាគមន៍ប្រតិភូវិនិយោគចិន ជាមួយនឹងគោលបំណងទស្សនកិច្ច ក៏ដូចជាគោលបំណងនៃការវិនិយោគលើវិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំ ។ហើយគម្រោងនេះបាននាំមកលំហូរហិរញ្ញវត្ថុយ៉ាងច្រើន និងបច្ចេកវិទ្យាវិស័យកសិកម្មទំនើបមកជាមួយ ធ្វើឲ្យខេត្តកំពង់ធំក៏ដូចជាខេត្តដទៃទៀតស្ថិតនៅក្នុងគម្រោងរបស់សម្ដេចតេជោ ទទួលបានគ្រឹះសេដ្ឋកិច្ចរឹងមាំបន្ថែមទៀត ជាពិសេស មានឱកាសច្រើនសម្រាប់ផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋមានការងារធ្វើ ទទួលបានប្រាក់ចំណូល លើកកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរឡើង៕



ដោយ៖ សំណាង