សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចចក្រកម្ពុជាបាន និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានប្រព្រឹត្តទៅ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ ។

កិច្ចប្រជុំនឹងពិភាក្សា ដើម្បីឆ្លងរបៀបវារៈដូចខាងក្រោម៖
១-សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
២-បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។

សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ បង្កើតឡើងក្នុងគោលបំណងចម្បងដើម្បីប្រមូលផ្ដុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្មសុខដុមនីយកម្ម និងទំនើបកម្មឱ្យមានភាពជាក់ស្ដែងនិយមសង្គត្តិភាព វិសាលភាពទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។

«សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ»នេះបំពេញបន្ថែម និងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ពាក់ព័ន្ធនានាដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល ច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្ដីការគ្រប់គ្រងធនធានទឹក។ល។ក្នុងន័យនេះ «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ»ត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍សំខាន់ ៣គឺ (១) លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិត្រូវបានធ្វើសមាហរណកម្ម, (២) លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិត្រូវបានធ្វើសុខដុមនីយកម្ម និង(៣) លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាត្រូវបានធ្វើទំនើបកម្មឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។

គុណប្រយោជន៍ចម្បងៗនៃ«សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ» មានដូចជា៖ពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស និងការស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព។

កំណត់ទិសដៅរួមជាយុទ្ធសាស្ត្រសម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិដល់ក្រសួងស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ។

ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ ក្នុងការចូលរួមកាន់តែប្រសើរជាងមុន នៅក្នុងកិច្ចគាំពារបរិស្ថានការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះតាមរយៈការបង្កើតនិងការគោរពនូវទំនាក់ទំនងនៃមុខងាររបស់ក្រសួង ស្ថាប័ននិងមជ្ឈដ្ឋានសង្គមទាំងអស់។

បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រងការពារ អភិរក្ស និងស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិ និងវប្បធម៌សំដៅធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់ ។

ផ្តល់ជាយន្តការជំរុញ និងលើកកម្ពស់ ការយល់ដឹង និងការស្រាវជ្រាវអំពីបរិស្ថានដល់គ្រប់មជ្ឈដ្ឋានសង្គមទាំងអស់ តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាល ទាំងយន្តការក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ។

ដើរតួជាបទប្បញ្ញតិ្តគោលមួយដ៏រឹងមាំ សម្រាប់មន្ត្រីអនុវត្តច្បាប់ ជាពិសេសមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្ក្រាបបទលើ្មសបរិស្ថាន និងធនធានធម្មជាតិ និងមន្ត្រីអនុវត្តច្បាប់នៃក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់ ៕

    
ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២