សប្បាយភ្នែកទៀតហើយ! សប្តាហ៍នេះកីឡាករយេន ឌីណា នឹងជួបប្រកួតជាមួយកីឡាករជើងខ្លាំងមកពីមីយ៉ាន់ម៉ា

ភ្នំពេញ ៖ នៅក្នុងសប្តាហ៍នេះ ការប្រកួតលើសង្វៀនគុនខ្មែរឆេមពាននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ នឹងចាប់ផ្តើមពីវេលាម៉ោង ១១ ព្រឹកតទៅ មានការចូលរួមពីសំណាក់កីឡាករល្បីៗជាច្រើនរូបក្នុងនោះរួមមានទាំងកីឡាករគុនខ្មែរ កីឡាករថៃ កីឡាករឡាវ និងកីឡាករមីយ៉ាន់ម៉ា បានណាត់ជួបសាកកណ្តាប់ដៃគ្នានៅលើសង្វៀនគុនខ្មែរឆេមពាន ដែលរៀបចំដោយស្ថានីយទូរទស្សន៍ថោន។

សម្រាប់ការប្រកួតគូពិសេសគុនខ្មែរមួយទឹក ៣ នាទី និងការប្រកួតមានចំនួន ៥ ទឹក មានកីឡាករមិត្ត ចាន់មើយ​ មកពីក្លឹបសុភាពគុនខ្មែរនិងត្រូវប៉ះជាមួយនឹងកីឡាករសេក វិសាល ដែលមកពីក្លឹបអង្គរមានជ័យខេត្តសៀមរាប។ ចំណែកឯគូពិសេសគុនខ្មែរទី ២ កីឡាករសង គង់មកពីក្លឹបអេប៊ូថងកីឡា និងត្រូវជួបប្រកួតជាមួយកីឡាករថៃសេង ហុង មកពីក្លឹបកុលបុត្រគុនខ្មែ។

ហើយក៏មានការប្រកួតគូមិត្តភាពអន្តរជាតិចំនួន ៣ គូផងដែររវាងកីឡាករគុនខ្មែរអេលីត ប៊ុនតុងមកពីក្លឹបនាយកដ្ឋានអង្គរក្សត្រូវប្រកួតជាមួយនឹងកីឡាករថៃ ដែលមានឈ្មោះថាម៉ឹងអ៊ូប៊ុន អ៊ីសាន់ត្រាច។ គូរមិត្តភាពអន្តរជាតិទី ២ ការប្រកួតរវាងកីឡាករគុនខ្មែរធន់ ក្របីប៉ះជាមួយនឹងកីឡាករ មកពីប្រទេសឡាវដែលមានឈ្មោះថា ខាថារិទ្ធ ចាំប៉ាឆៃ។ ឯគូប្រភេទទម្ងន់ធ្ងន់ជាងគេនៅក្នុងសប្តាហ៍នេះរវាងកីឡាករគុនខ្មែរយេន ឌីណា ប៉ះជាមួយនឹងកីឡាករមកពីប្រទេសមីយ៉ាន់ម៉ា ខារ លី នៅក្នុងការប្រកួតប្រភេទទម្ងន់ ៦៥ គីឡូក្រាម។

កុំភ្លេចចូលរួមតាមដានទស្សនាការប្រកួតប្រដាល់គុនខ្មែរនៅលើសង្វៀនគុនខ្មែរឆេមពានចាប់ពីវេលាម៉ោង ១១ព្រឹកតទៅរៀងរាល់ថ្ងៃអាទិត្យ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន Town Full HDTV & Town Sports ៕

 

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២