ប្រេងសាំងបន្តចុះថ្លៃទៀតហើយ ដោយប្រេងសាំងធម្មតាចុះថ្លៃ២០០រៀល និងប្រេងម៉ាស៊ូតចុះថ្លៃ១០០រៀលបន្ថែមទៀតក្នុង១លីត្រ

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​០១​ ខែឧសភា​​​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១​ ដល់ថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២៣នេះ​ ​តម្លៃប្រេងសាំង​ (​ ចុះថ្លៃ​ ២០០រៀល)​ ខណៈ​ប្រេងម៉ាស៊ូតចុះថ្លៃ​ (១០០រៀល)។ ដូច្នេះ​ ប្រេងសាំងធម្មតា ត្រូវលក់នៅតាមស្ថានីយនានាមានតម្លៃ ៤ ២០០រៀល និងប្រេងម៉ាស៊ូតត្រូវលក់មានតម្លៃ៣៩៥០រៀលក្នុង១លីត្រ។

​ជាក់ស្ដែង​នៅក្នុង​​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្មដដែលបានបញ្ជាក់បន្ថែមថា​ ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី១០ ខែឧសភា​​​ ឆ្នាំ​២០២៣ នឹងត្រូវ​លក់ ៤.៤៦៧រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៤.២១៧រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm។

​សូមជម្រាបផងដែរថា​ ពាក់ព័ន្ធ​នឹង​បញ្ហាប្រេងឡើងថ្លៃខាងលើនេះ ដើម្បី​ជួយ​សម្រួល់​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត និង​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៤​សេន​ដុល្លារ​ដដែល ក្នុង​១​លីត្រផងដែរ។

ដូច្នេះ​ថ្លៃ​លក់រាយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ដូចគ្នា​ខាងលើ សម្រាប់​ប្រេងសាំង​ធម្មតា​ដែល​នឹងត្រូវ​ដាក់លក់​រាយ​នៅ​កម្ពុជា​ក្នុងតម្លៃ ៤.២០០រៀល ក្នុង​១​លីត្រ និង​ប្រេងម៉ាស៊ូត​​ ៣.៩៥០រៀល ក្នុង​១​លីត្រ​៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២