ភ្នំពេញ៖ ក្រុមកីឡាករអុកចត្រង្គ មកពីបណ្តាប្រទេសចំនួន៧ ដើម្បីមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅក្នុងព្រះរាជាណាចក្រកម្ពុជានាឆ្នាំនេះ បានកោតសរសើរទៅកាន់ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាថា រៀបចំបានល្អគ្រប់ចំណុច។


យោងតាមឯកឧត្ដម គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានមានប្រសាសន៍ក្នុងពិធីចាប់ពូលនៅសាលដំបូលទូកសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា ក្រុមកីឡាករ-ប្រតិភូ ព្រមទាំងសមាជិកចូលរួមទាំងអស់ចំនួន ៧ប្រទេស គឺមានការពេញចិត្ត និងសរសើរថា កម្ពុជាពិតជារៀបចំបានល្អ មិនថាការទទួលបដិសណ្ឋារកិច្ច និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការរៀបចំចាប់ពូលនានានោះទេ។ លោកក៏សង្ឃឹមថា ព្រឹត្តិការណ៍នេះ ក៏អាចបញ្ជ្រាបដល់ប្រទេសដែលបានចូលរួម ឲ្យបានយល់ដឹងកាន់តែច្បាស់ពីវប្បធម៌ និងអរិយធម៌ដ៏បវររបស់កម្ពុជា ដល់ប្រទេសទាំងអស់។


ឯកឧត្ដមបានលើកឡើងទៀតថា ទាក់ទងនឹងច្បាប់នៃការលេង ឬច្បាប់នៃ ហ្គេម គឺកម្ពុជាបានផ្ដល់ទៅកាន់ប្រទេសទាំងអស់រួចរាល់ និងមានរយៈពេលយូរសមល្មម ដែលឲ្យប្រទេសទាំង៧ ដែលនឹងមកចូលរួមស្វែងយល់បានល្អិតល្អន់ និងអាចប្រកួតប្រជែងគ្នាដោយតម្លាភាព។

គួររម្លឹកផងដែរថា សម្រាប់ប្រទេសដែលចូលរួមស៊ីហ្គេម លើប្រភេទកីឡា អុកចត្រង្គនេះ មាន៧ប្រទេស គឺឡាវ ហ្វីលីពីន ថៃ ម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជាជាម្ចាស់ផ្ទះ៕
ដោយ៖ វិកគី

