ការបញ្ចប់វិបត្តិអន្ទាក់ ការ​ជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃគ្រប់ប្រភេទក្នុងប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់គ្នា

យុទ្ធនាការ “អន្ទាក់សូន្យ”​ ក្នុងតំបន់ការពារធម្មជាតិ ដំណាក់​កាលទី២ បានរៀបចំធ្វើឡើងនៅខេត្តកំ​ពង់ស្ពឺ ​​​​ដែលជា​ខេត្តទីពីរ បន្ទាប់ពីខេត្តពោធិ៍សាត់ ដោយមានការផ្តួចផ្តើម ពីក្រសួងបរិស្ថាន និងការចូលរួមសហការពីអង្គការដៃគូក្នុងវិស័យអភិរក្សក្នុងប្រទេសកម្ពុជា។ ខេត្តកំពង់ស្ពឺជាខេត្តមួយមានសក្តានុពលក្នុងវិស័យអេកូទេសចរណ៍ដែលប្រជាជនមូលដ្ឋានរស់នៅក្នុងតំបន់ការពារធម្មជាតិមួយចំនួនបានអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាសហគមន៍ដែលរស់នៅក្នុង និងក្បែរតំបន់ ទាំងនោះ ដោយមិនពឹងអាស្រ័យទៅលើការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃខុសច្បាប់ដែលប្រឈមនឹងការផ្តន្ទាទោសនិងជាមហន្តរាយដល់ការបាត់បង់ធនធានធម្មជាតិ។

យុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តកំពង់ស្ពឺនេះត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីអ្នកពាក់ពន្ឋ័មកពីស្ថាបន័រដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនកុះករសរុបជាង៥០០នាក់ និងមានការប្តេជ្ញាចិត្តបញ្ឈប់ការបរបាញ់និងការជួញដូរសត្វព្រៃក្នុងនោះក៏មានការប្តេជ្ញាចិត្តពីបណ្តាភោជនីយ៍ដ្ឋានគំរូមួយចំនួនដោយមិនមានការផ្គត់ផ្គង់ឬធ្វើម្ហូបពីសាច់សត្វព្រៃឲ្យអតិថិជនរបស់ខ្លួន។ ខេត្តកំពុងស្ពឺមានភោជនីដ្ឋានចំនួន៧ បានធ្វើការប្តេជ្ញាចិត្តចំពោះមុខសារធារណៈជនហើយរហូតមកដល់ពេលនេះចំនួនភោជនីយ៍ដ្ឋានសរុបនៅក្នុងខេត្តគោលដៅនៃយុទ្ឋនាអន្ទាក់សូន្យដែលបានអនុវត្តន៍កន្លងមកមានចំនួន៧៨ហើយ ដែលបានសន្យាមិនធ្វើអាហារពីសាច់សត្វព្រៃក្នុងភោជនីយ៍ដ្ឋានរបស់ខ្លួន។ មិនតែប៉ុណ្ណោះម្ចាស់ភោជនីយ៍ដ្ឋានទាំងអស់នេះក៏បានជួយចូលរួមផ្សព្វផ្សាយបន្ថែមដល់អតិថជនរបស់ខ្លួនអំពីផលប៉ះពាល់អវិជ្ជមានលើការបរិភោគសាច់សត្វព្រៃ ការបាត់បង់ធនធានធម្មជាតិ និងហានិភ័យលើសុខភាពសាធារណៈ ផងដែរ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខេធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសន៍ថា៖ «ខេត្តកំពង់ស្ពឺគឺជាតំបន់ហានិភ័យមួយទាក់ទងនឹងសាច់សត្វព្រៃ ដែលក្នុងនោះយើងឃើញមានការលក់សាច់សត្វព្រៃនៅតាមភោជនីយដ្ឋានលើដងផ្លូវ និងបញ្ជរអាហារនានានៅកតាមតំបន់ទេសចរណ៍។ ទោះបី មុខម្ហូបពីសាច់សត្វព្រៃមិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរាយមុខម្ហូបក៏ពិតមែន ប៉ុន្តែយើងនៅតែឃើញមានការណែនាំអំពីម្ហូបពីសាច់សត្វព្រៃដូចជាជ្រូកព្រៃ ឬឈ្លូសជាដើមទៅកាន់អតិថិជនជារឿយៗដោយផ្ទាល់មាត់ដដែល។ តាមរយៈការធ្វើយុទ្ធនាការនៅក្នុងខេត្តកំពង់ស្ពឺនេះ យើងសង្ឃឹមថាសារនានាអំពីហានិភ័យនៃទង្វើបែបនឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយបន្ថែមទៀត ហើយឈានទៅដល់ការផ្លាស់ប្តូរឥរិយាបថពីអ្នកនិយមបរិភោគសាច់សត្វព្រៃ និងម្ចាស់ភោជនីយដ្ឋានមួយចំនួនដែលគិតពីផលប្រយោជន៍រយៈពេលខ្លី។ យើងកំពុងឈានទៅទទួលបាន “អន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា” ដូចនេះយើងសូមអំពាវវនាវឲ្យសាធារណៈជនទាំងអស់ ចូលរួមបញ្ជប់ការបរិភោគសាច់សត្វព្រៃ ហើយចូលរួមការពារអភិរក្សធនធានធម្មជាតិកម្ពុជាទាំងអស់គ្នា»។

យោងទៅតាមរបាយការណ៍ ពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានអោយដឹងថា នៅក្នុងឆ្នាំ២០២២ មន្ត្រីបរិស្ថាននិងឧទ្យានុរក្សបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការពង្រឹងការអនុវត្តច្បាប់ តាមរយៈការល្បាតព្រៃ និងប្រមូលអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ និងតំបន់របៀងអភិរក្សជីវៈចម្រុះបានចំនួន៣៧៩អន្ទាក់ ដោយឡែកក្នុងឆ្នាំ២០២៣ ចាប់ពីខែមករា ដល់ខែមេសា នេះ អន្ទាក់ដែលប្រមូលបានមានចំនួន ៣៨២អន្ទាក់។

លោកអ៊ុំ សូនី នាយកអង្គការអភិរក្សអន្តរជាតិ (CI) ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖«ការប្រើប្រាស់អន្ទាក់គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិតរបស់សត្វព្រៃនៅកម្ពុជាជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវាញ ដែលក្នុងមួយឆ្នាំៗ អន្ទាក់ទាំងអស់នោះបានសម្លាប់សត្វព្រៃជាច្រើនយ៉ាងស្ងៀមស្ងាត់។ យើងមិនអាចបណ្តោយឱ្យរឿងនេះបន្ត កើតមានឡើងទៀតទេ។អង្គការអភិរក្សអន្តរជាតិ បានកំពុងកសាង គម្រោងរេបូកជួរភ្នំក្រវាញកណ្តាល ដែលធ្វើការជាមួយនឹងសហគមន៍មូលដ្ឋាន និងក្រុមការងារអនុវត្តន៍ច្បាប់ដើម្បីទប់ស្កាត់ការដាក់អន្ទាក់ចាប់សត្វព្រៃ។ ក្នុងនាម យើងជាបុគ្គលម្នាក់ៗ យើងអាចធ្វើការផ្លាស់ប្តូរបានដោយបង្កើនការយល់ដឹង និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការដាក់ អន្ទាក់លើសត្វព្រៃ ប្រឆាំងការបរិភោគសត្វព្រៃ គាំទ្រកិច្ចខំប្រឹងប្រែងលើការងារអភិរក្ស និងការស្វែងរកមតិគាំទ្រ ដើម្បីឱ្យមានការអនុវត្តច្បាប់តឹងរឹងជាងមុនប្រឆាំងនឹងការប្រព្រឹត្តិអំពើជួញដូរខុសច្បាប់ លើសត្វព្រៃទាំងនេះ។​ នេះគឺជាពេលដែលយើងត្រូវតែចាត់វិធានការ និងការពារសត្វព្រៃដ៏មានតម្លៃរបស់យើង មុនពេលយឺតពេលទៅហើយនោះ»៕

     
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២