កីឡាករ ឈុន ប៊ុនថន ធ្វើឱ្យកម្ពុជាទទួលបានមេដាយមាសលើកដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើវិញ្ញាសារត់ប្រណាំងចម្ងាយ ៨០០ម៉ែត្រផ្នែកបុរស

នេះគឺជាប្រវត្តិសាស្ត្រ និងមានមោទនភាពខ្លាំងណាស់សម្រាប់ប្រជាជាតិខ្មែរទាំងមូល ដែលកម្ពុជាអាចរកបានមេដាយមាសលើកដំបូងរបស់ខ្លួនក្នុងប្រវត្តិប្រកួតប្រភេទកីឡាអត្តពលកម្មលើវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្របុរសបានមកលើកីឡាករកម្ពុជា ឈុន ប៊ុនថន កាលពីរសៀលថ្ងៃទី១១ ខែឧសភា ក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២។

កីឡាករកម្ពុជា ដ៏ឆ្នើមរូបនេះបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ កាលពីរសៀលនេះ ក្រោយពីបានទទូលជោគជ័យកាលពីការប្រកួតវគ្គជម្រុះក្នុងក្រុមលើវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដោយឈរលើកំពូលតារាងក្នុងចំណោម ៨ប្រទេស។

កីឡាករ ឈុន ប៊ុនថន បានយកឈ្នះលើកីឡា ៨ប្រទេសផ្សេងទៀតក្នុងវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ផ្នែកបុរសក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលតាមពីក្រោយដោយកីឡាករវៀតណាម Duc Phuoc Luong ដោយទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធបានទៅលើកីឡាករម៉ាឡេស៊ី Wan Muhammad Fazri Wan Zahari ។

គួររំលឹងផងដែរថា សហព័ន្ធកីឡាខ្មែរអត្តពលកម្មស្ម័ត្រចិត្ត បង្កើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៥៨ គិតមកទល់ពេលនេះមានរយៈពេល៦៥ឆ្នាំ ទើបតែមានពេលនេះទេ ដែលកីឡាករ ឈុន ប៊ុនថន លេងក្នុងវិញ្ញាសាររត់ចម្ងាយ៨០០ម៉ែត្រ បានទទួលមេដាយមាស ដោយជោគជ័យ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើទី៣២  ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣នេះ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២