វត្តមហាលាភ ត្រូវបានក្រសួងវប្បធម៌ ចុះក្នុងបញ្ជីសារពើភណ្ឌជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ

វត្តមហាលាភ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះក្នុងបញ្ជីសារពើភណ្ឌ សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ និងមានការជួយគាំទ្រ ពីអង្គការ UNESCO។វត្តនេះមានទីតាំងស្ថិតនៅក្នុងភូមិមហាលាភជើង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

វត្តមហាលាភត្រូវបានក្រុមមន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមើលឃើញថា ស្នាដៃស្ថាបត្យកម្មនៅទីអារាមវត្តនេះពិតជាអស្ចារ្យខ្លាំងណាស់ ជាពិសេសគឺព្រះវិហារ ដែលរចនាអំពីឈើ ដែលមានគំនូរបុរាណ លើពិតានឈើ បិតទឹកមាសលម្អលើសសរឈើ និងជញ្ជាំងឈើលាបពណ៌លឿងទុំ ដែលកម្រមាន។

បើតាមន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ព្រះវិហារនេះ បើមើលពីក្រៅ ហាក់ដូចជាមិនសូវទាក់ទាញ និងចាប់អារម្មណ៍ប៉ុន្មានទេ តែដល់ចូលទៅខាងក្នុង ពិតជាអស្ចារ្យខ្លាំងណាស់ ។

បើបងប្អូន បានអញ្ជើញទៅលេងខេត្តកំពង់ចាម សូមកុំភ្លេចចូលទៅទស្សនានៅទីអារាមវត្តនេះផង។ ក្រៅពីមានស្នាដៃស្ថាបត្យកម្មល្អវិចិត្រហើយនោះ បើតាមអ្នកស្រុកនៅទីនោះបានឱ្យដឹងថា នៅទីវត្តអារាមនេះ នៅមានបារមីពូកែស័ក្តិសិទ្ធិថែមទៀត សម្រាប់បងប្អូនមានអបិយជំនឿទៅសុំសេចក្តីសុខ សម្បូរសប្បាយ និងសុំលាភជ័យចម្រុងចម្រើនដល់ក្រុមគ្រួសារថែមទៀត។រាល់ថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋមកពីទីជិតឆ្ងាយបានចេញចូលទៅអុជធូបបន់ស្រន់ សុំពរជ័យ និងសុខចម្រើនដល់ក្រុមគ្រួសាររបស់ពួកគេជាហូរហែរ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យមានបងប្អូនប្រជាពលរដ្ឋទៅច្រើន។

វត្តមហាលាភនេះ មានទីតាំងនៅមិនឆ្ងាយពីទីរួមខេត្តកំពង់ចាមប៉ុន្មានឡើយ បើបងប្អូនអញ្ជើញទៅទស្សនាកម្សាន្ត បងប្អូនអាចចូលតាមផ្លូវតាមដងទន្លេបិទ រឺតាមទីរួមស្រុកអូររាំងឪ រឺតាមស្រុកស៊ីធរកណ្តាលក៏បាន៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២