ភ្នំពេញ៖ ទូច ចាន់វត្តី ជាកីឡាការិនីគុនខ្មែរដំបូងគេបង្អស់ ដែលធ្វើឱ្យទស្សនិកជនជាតិ និងអន្តរជាតិ ដែលបានតាមដានការប្រកួតរបស់នាងលើវិញ្ញាសាគុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កាលពីពេលថ្មីៗនេះ មានការចាប់អារម្មណ៍លើរូបនាងយ៉ាងខ្លាំង។អ្វីដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍នោះ ដោយសារនាងទើបតែមានបទពិសោធន៍ឡើងលើសង្វៀនប្រកួតបានតែ១១ដងប៉ុណ្ណោះ ប៉ុន្តែនាងអាចដណ្តើមយកមេដាយមាសមកជូនជាតិបាន ដោយនាងបានផ្តួលកីឡាការិនីជើងខ្លាំងមកពីវៀតណាមឈ្មោះ Nguyen Thi Chi ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម នៅវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលថ្មីៗនេះ ។


កីឡាការនី ទូច ចាន់វត្តី បានបង្ហើបប្រាប់ថា ដោយសារតែទឹកចិត្តស្រឡាញ់គុនខ្មែរជំរុញឱ្យនាងខិតខំប្រឹងប្រែងហ្វឹកហាត់កីឡាគុនខ្មែរ ដើម្បីប្រកួតដណ្តើមយកមេដាយជូនជាតិ ។ កីឡាការិនីគុនខ្មែរវ័យ ១៨ឆ្នាំរូបនេះ បានសម្រេចចិត្តហាត់ និងចាប់យកអាជីពជាកីឡាការិនីប្រដាល់គុនខ្មែរនេះ ដោយសាររូបនាងមានបំណងចង់លើកស្ទួយវិស័យកីឡាគុនខ្មែរឱ្យកាន់តែល្បាញល្បី និងចង់ឱ្យបរទេសស្គាល់កាន់តែច្បាស់ពីមរតកកីឡារបស់ខ្មែរមួយនេះ។

សូមជម្រាបផងដែរថា បច្ចុប្បន្ន វត្តីទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្រោយក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសាគុនខ្មែរផ្នែកនារី ដោយនាងមានទាំងរូបសម្រស់ស្រស់ស្អាត សមត្ថភាព និងភាពក្លាហានខ្ពស់មិនខុសពីបុរសប៉ុន្មានឡើយ៕

ដោយ៖វិកគី

