រថយន្តកុងតឺន័របើកកៀរម៉ូតូរួចកិ.នពីលើ បណ្តាលឲ្យបុរសម្នាក់ស្លា.ប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ​ ៖​ បុរសម្នាក់កំពុងជិះម៉ូតូត្រូវបានរថយន្តកុងតឺន័រ បើកកៀរហើយកិនបែកក្បាលស្លាប់ ហើយរថយន្តបង្កបានបន្តបើកចូលទៅក្នុងផែស្ងួតមួយកន្លែងបាត់ស្រមោល។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលម៉ោង ១១ និង២០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលិចផ្សារជម្ពូវ័នប្រហែល៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សម្បត្តិ ពៅ អាយុ២៨ឆ្នាំ មុខបរធ្វើការនៅប្រទេសកូរ៉េ។ ស្នាក់នៅបន្ទប់ជួលនៅកំបូល មានស្រុកកំណើតនៅភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកឃ្លិច ពណ៌ខ្មៅ មិនទាន់ធ្វើស្លាកលេខ។ ចំណែកឯរថយន្តកុងតឺន័របានបើកចូលទៅក្នុងផែស្ងួតមួយកន្លែង។

បើតាមប្រភពពីមិត្តភក្កិដែលជិះម៉ូតូខាងក្រោយម៉ូតូជនរងគ្រោះបានឲ្យដឹងថា ដំបូងឡើយគាត់ និងជនរងគ្រោះជិះចេញពីបុរីសែនមនោរម្យក្នុងគោលបំណង ទៅអង្គុយលេងនៅជាប់របងព្រលានយន្តហោះ ជិះតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបានបើកមកកៀរម៉ូតូជនរងគ្រោះបណ្ដាលឱ្យដួលខ្ទាតមនុស្សចូលក្រោមកង់ខាងក្រោយបណ្ដាលឲ្យកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ហើយរូបគាត់ក៏បានដេញតាមរថយន្តកុងតឺន័របានថតស្លាកលេខបានឃើញព្រាលៗ រថយន្តនោះក៏បត់ចូលទៅក្នុងផែស្ងួតបាត់ទៅ ក្រោយមកក៏មានសាច់ញាតិមកដល់កន្លែងកើតហេតុត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះបានទៅធ្វើការនៅប្រទេសកូរ៉េចំនួន៥ឆ្នាំមានប្រពន្ធ និងកូនអាយុ 3 ឆ្នាំម្នាក់ដល់អាណាត្តិត្រូវត្រឡប់មកប្រទេសកម្ពុជាវិញ ក៏បានចូលទៅប្រឡងភាសាកូរ៉េជាប់ម្ដងទៀតជិតដល់ថ្ងៃទៅកូរ៉េវិញហើយ ក៏ស្រាប់តែបានមកជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះទៅវិញ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែង និងចូលទៅយករថយន្តក្នុងផែស្ងួតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពជនរងគ្រោះ​ សមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២