ភ្នំពេញ៖ ការប្រកួតដែលអ្នកស្នេហាកីឡាបាល់ទាត់ទន្ធឺងរង់ចាំនោះនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ ក្រោយពីលទ្ធផលចាប់ឆ្នោតជាផ្លូវការនៃការប្រកួតវគ្គជម្រុះពានរង្វាន់យុវជនទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភានេះ។

លទ្ធផលចាប់ឆ្នោតជាផ្លូវការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំស្ថិតនៅពូលJ នៃវគ្គជម្រុះពានរង្វាន់យុវជនទ្ចីបអាស៊ីអាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២៤ (2024 AFC U-23 Asian Cup Qualification ) ជាមួយក្រុមការពារតំណែងជើងឯក អារ៉ាបីសាអូឌីត លីបង់ និងម៉ុងហ្គោលី។

ការប្រកួតនឹងធ្វើឡើងពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសអារ៉ាបីសាអូឌីត។ការប្រកួតនេះនឹងធ្វើឱ្យបាល់ទាត់កម្ពុជាកាន់តែទទួលបានបទពិសោធន៍នៅលើឆាកអន្តរជាតិជាថ្មីម្តងទៀតបន្ទាប់ពីព្រឺត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានបញ្ចប់ នេះគឺជាការប្រកួតដែលថ្នាក់ដឹកនាំ ក្រុមកីឡាករ រួមទាំងអ្នកគាំទ្របាល់ទាត់កម្ពុជាជាច្រើនរូបទន្ធឹងរង់ចាំជាយូរមកហើយនោះ៕

ដោយ៖ វិកគី

