ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនោះ នៅពេលនេះបានរកឃើញហើយ ម្ចាស់ខ្សែក្រវ៉ាត់មរតកគុនខ្មែរ NNP គឺបានទៅលើ កីឡាករជើងខ្លាំងរាហ៊ូមាស ឈុត សេរីវ៉ាន់ថង ដែលការប្រកួតបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។


សម្រាប់ការប្រកួតនៅយប់មិញនេះដែរ គេសង្កេតឃើញថា វ៉ាន់ថង ហាក់វាយបច្ចេកទេសច្រើនជាងសម្រុកយកផ្ដាច់។ រូបគេតែងតែថយដើម្បីស្វែងរកឱកាសវាយសន្សំពិន្ទុ ដោយមិនប្រឈមមុខប្ដូរជាមួយកីឡាករ អេលីត សាន់ ឡើយ។ ជាលទ្ធផលបានបង្ហាញថា ម្ចាស់ខ្សែក្រវាត់មរតកគុនខ្មែរ NNP បានទៅលើ ឈុត សេរីវ៉ាន់ថង ដែលជាម្ចាស់មេដាយមាសស៊ីហ្គេមកន្លងទៅថ្មីៗនេះ ដោយរូបគេដណ្តើមយកបានខ្សែក្រវាត់មួយគ្រឿងទៀត អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ និងខ្សែកមាសចំនួន ២តម្លឹងផងដែរពី NNP ។

ឈុត សេរីវ៉ាន់ថង បានយកឈ្នះទៅលើកីឡាករអេឡិចសាន់ដោយពិន្ទុក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជាមួយអេលីត សាន់ ដែលមកពីក្លិបនាយកដ្ឋានអង្គរក្ស មហាជនបានលាន់មាត់គ្រប់គ្នាថា ក្បាច់វ៉ៃរបស់វ៉ាន់ថងហាក់បីដូចជាក្បាច់វ៉ៃកីឡាករបឺត សង្ឃឹមដែរ។

ក្នុងការប្រកួតដ៏ជក់ចិត្តរវាងម្ចាស់មេដាយមាសស៊ីហ្គេម ឈុត សេរីវ៉ាន់ថង ប្រជែងកណ្តាប់ដៃគ្នាជាមួយនឹងកីឡាករជើងខ្លាំងអេលីត សាន់ បានធ្វើឲ្យអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែររាប់ពាន់នាក់មកទស្សនាផ្ទាល់បានស្រែកហ៊ោរកញ្ជ្រៀវយ៉ាងកងរំពង នៅសង្វៀនរបស់ស្ថានីយទូរទស្សន៍ថោន រីឯអ្នកដែលទស្សនាតាមរយៈការឡាយផ្ទាល់វិញមានរហូតទៅដល់ជាង ២០០Kគឺពិតជាមិនធម្មតាឡើយ សម្រាប់ការប្រកួតប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់មរតកគុនខ្មែរ NNP កាលពីយប់ម៉ិញនេះ៕

ដោយ៖វិកគី

