រយៈពេល៥ខែ ដើមឆ្នាំនេះ កម្ពុជារកចំណូលពីការនាំចេញអង្ករ និងស្រូវបានរហូតដល់ទៅ ៧៣៦.៩០ លានដុល្លារ

ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាបានធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ២៧៨ ១៨៤ តោន និង ស្រូវបានចំនួន ២ ១៤២ ៤៨៣ តោន បើគិតជាទឹកប្រាក់សរុបមានចំនួន ៧៣៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។

បើយោងតាមរបាយការណ៍របស់សហព័ន្ធ ស្រូវ អង្ករកម្ពុជាបានឱ្យដឹងថា ការនាំចេញ ស្រូវ និងអង្ករពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២៣នេះ កម្ពុជាសម្រេចការនាំចេញអង្ករបានចំនួន ២៧៨ ១៨៤ តោន និង ស្រូវបានចំនួន ២ ១៤២ ៤៨៣ តោន (ប្រមាណជា ១.៣៧ លានតោនអង្ករ) គិតជាទឹកប្រាក់សរុបមានចំនួន ៧៣៦.៩០ លានដុល្លារសហរដ្ឋអាមេរិក ។

ដោយក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៣នេះ អង្ករកម្ពុជា បាននាំចេញតាមរយៈក្រុមហ៊ុនចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៩ បានបរិមាណអង្ករសរុបចំនួន ២៧៨ ១៨៤ តោន ដែលគិតជាទឹកប្រាក់ចំនួន ១៩១.៦៤ លានដុល្លារសហរដ្ឋអាមេរិក និងស្រូវចំនួន ២ ១៤២ ៤៨៣ តោន (ប្រមាណជា ១.៣៧ លាន តោនអង្ករ) ទៅកាន់ប្រទេសវៀតណាម ដែលគិតជាទឹកប្រាក់ប្រមាណជា ៥៤៥.២៦ លានដុល្លារសហរដ្ឋមេរិក។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣.៤៩% អង្ករ ស ចំនួន ១០,៨៧% អង្ករចំហុយ ៣.៧១% និងអង្ករសរីរាង្គចំនួន ១.៩៣% ។

នៅក្នុងរបាយការណ៍ដដែលនោះបានបញ្ជាក់ថា ប្រទេសចិន គឺនៅតែជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្ដប់លើការនាំចេញអង្ករសរុបរបស់កម្ពុជា ចំនួន ៤២,៤៣% ដែលមានទឹកប្រាក់សរុបចំនួន ៧៧.៤២ លានដុល្លារសហរដ្ឋអាមេរិក។ ប្រទេសនៅក្នុង ទ្វីបអឺរ៉ុបចំនួន ២៥ ប្រទេស គ្របដណ្តប់លើការនាំចេញអង្ករចំនួន ៣៧.៩៣% ដែលគិតជាទឹកប្រាក់ប្រមាណជា ៧១.៩៩ លាន ដុល្លារសហរដ្ឋអាមេរិក។ ប្រទេសអាស៊ាន ចំនួន ៤ ដែលស្មើនឹង ៧.៨៦% ដែលក្នុងនោះប្រទេសហ្វីលីពីន ជាទីផ្សារទើបនាំចេញក្នុងបរិមាណធំលើកទី១ ចំនួន ២ ៥៧៥ តោន ក្រៅពីនេះទីផ្សារផ្សេងៗ ចំនួន ២០ គោលដៅស្មើនឹង ១០.៧៨%៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២