ភ្នំពេញ៖ ការប្រកួតគូសងសឹករវាងកីឡាករគុនខ្មែរឡុង អាឆើត ប៉ះជាមួយនឹងកីឡាករជើងខ្លាំងថៃ ស៊ុបភើខេ ស៊ីតមុនឆៃ កាលពីម្សិលមិញនេះបានធ្វើឲ្យកក្រើកសង្វៀនម៉ាសហ្វៃរបស់ស្ថានីយទូរទស្សន៍ថោន។

ជំនួបគួរសងសឹកក្នុងការប្រកួតមិត្តភាពអន្តរជាតិមួយទឹក ៩នាទី ដោយកីឡាករគុនខ្មែរ ឡុង អាឆើត មកពីក្លឹបខ្លារខិនមានរិទ្ធបានព្យាយាមវាយសម្រុកទៅកាន់កីឡាករ ស៊ុបភើខេ ប៉ុន្តែលើកនេះរូបគេធ្វើមិនបានសម្រេចឡើយ ។ កន្លងមក កីឡាករ ស៊ុបភើខេ ធ្លាប់បានចាញ់ក្រោមថ្វីដៃរបស់ឡុងអាឆើតម្តងរួចមកហើយ ។

នៅក្នុងការប្រកួតលើកនេះ កីឡាករ សុបភើខេរ បានមកធ្វើការសងសឹកទៅលើកីឡាករឡុង អាឆើត ប៉ុន្តែដោយសារតែអ្នកទាំងពីរមានចំណុចខ្លាំង និងរឹងរៀងៗខ្លួន ទើបធ្វើឲ្យលទ្ធផលមួយទឹក ៩នាទីបញ្ចប់ទៅបានត្រឹមតែស្មើគ្នា ដោយមិនអស់ចិត្ត។

សូមជម្រាបផងដែរថា កន្លងមកកីឡាករជើងខ្លាំងថៃរូបនេះមិនដែលប្រកួតចាញ់កីឡាករខ្មែរទេ ប៉ុន្តែការប្រកួតកាលពីពេលកន្លងទៅ នៅលើសង្វៀនម៉ាសវៃដូចគ្នាបានចាញ់នៅក្រោមថ្វីដៃរបស់កីឡាករវ័យក្មេងគុនខ្មែរឡុងអាឆើត ហើយលើកនេះប៉ះគ្នាទៀតគឺលទ្ធផលបានត្រឹមស្មើនៅតែសងសឹកមិនបានសម្រេច។

ការប្រកួតនៅលើសង្វៀនម៉ាសហ្វាយតែងតែធ្វើឡើងចាប់ពីវេលាម៉ោង ៣ រសៀល រៀងរាល់ថ្ងៃអាទិត្យនៅស្ថានីយទូរទស្សន៍ថោន ទស្សនិកជនអាចចូលរួមទស្សនាបានដោយសេរីជារៀងរាល់ថ្ងៃអាទិត្យ នៅស្ថានីយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

ដោយ៖វិកគី

