នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៨០៣១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។មកដល់ពេលនេះ ប្រទេសកម្ពុជាមានរោងចក្រកាត់ដេរកើនឡើងដល់១៣២៦រោងចក្រ ដែលមានកម្មករនិយោជិត ចំនួនប្រមាណជា ៨៤ ម៉ឺននាក់។ហើយប្រាក់ចំណូលដែលបានមកពីការនាំចេញនៃវិស័យនេះគឺមានរហូតដល់ទៅជាង ១៣ពាន់លានដុល្លារអាមេរិក។


នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៨០៣១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វត្តមានរោងចក្រនៅកម្ពុជាទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា នៅឆ្នាំ២០២៣នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១.៣២៦រោងចក្រ ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ ម៉ឺននាក់។ហើយចំណូលដែលបានមកពីការនាំចេញនៃវិស័យនេះមានរហូតដល់ប្រមាណជា១៣ពាន់លានដុល្លារអាមេរិក។ហើយបច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ ម៉ឺន៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍន៍ រោងចក្រ សហគ្រាស ច្រើនជាងគេ។ ប៉ុន្ដែរាជរដ្ឋាភិបាលក៏បានដាក់ចេញយុទ្ធសាស្រ្ដក្នុងការពង្រាយរោងចក្របន្ថែមទៀតទៅតាមបណ្ដាខេត្តនានាផងដែរ។


ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបន្តធ្វើការអំពាវនាវដល់កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើឱ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្តមួយ ដោយធ្វើយ៉ាងណារោងចក្រនីមួយៗកុំឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមានបងតូចបងធំនៅក្នុងរោងចក្រ។ ប៉ុន្តែសម្ដេចពិតជាមានសេចក្ដីរីករាយណាស់ដោយបានឃើញរោងចក្រនៅទូទាំងប្រទេសមិនមែនជាកន្លែងប្រើប្រាស់គ្រឿងញៀន និងមានបងតូចបងធំ៕










ដោយ៖ សំណាង