ភ្នំពេញ៖ ឆ្លងកាត់ការប្រកួត៥ទឹកពេញយ៉ាងតានតឹងនៅលើសង្វៀនគុនខ្មែរឆេមពានកីឡាកររហ័សនាមស្តេចគ្រុឌគុនខ្មែររិន សារ័តបានភ្លាត់ចាញ់ដៃគូដោយពិន្ទុ។កីឡាករគុនខ្មែររិន សារ័ត្ន រយៈពេលចុងក្រោយនេះមិនសូវមានវត្តមាននៅលើសង្វៀនឡើយ ក្រោយវិលត្រឡប់មកជាថ្មីក្នុងការប្រកួតជំនួបគូពិសេសគុនខ្មែរ៥ទឹកពេញជាមួយអ្នកលេងឆ្លងដែនមកពីប្រទេសថៃសាយណាមផេត ហើយត្រូវសាយណាមភេតប្រើយុទ្ធសាស្រ្តប្រកួតពិសេសធ្វើឱ្យរិន សារ័ត្នចាញ់នៅក្នុងទឹក៤ និងទឹក៥។

ក្នុងការប្រគួតដ៏ជក់ចិត្តនេះរិន សារ័ត្នមិនធ្លាប់ប៉ះដៃគូម្នាក់នេះឡើយប៉ុន្តែបានទស្សនា និងស្វែងយល់ពីចំណុចខ្លាំងខ្សោយរបស់គេ ក៏ព្យាយាមទាត់សម្រុកទៅលើជើងគូប្រកួតតែត្រូវបានគូប្រកួតផ្លាស់ប្តូរក្បាច់ភ្លាមៗ ធ្វើឱ្យសារ័ត្នភ្លាត់ស្នៀតតែម្តង។

តាមការឱ្យដឹងពីអ្នកលេងគុនខ្មែររូបនេះបានប្រាប់ថា រូបគេព្យាយាមទាញយកចំណុចខ្សោយរបស់ណាមភេតដែរ ប៉ុន្តែដៃគូរបស់គេពូកែគ្រប់ក្បាច់ និងរហ័សហើយងាយផ្លាស់ប្តូរបច្ចេកទេសការប្រកួតទើបធ្វើឱ្យគេទទួលស្គាល់លទ្ធផលក្រោយបញ្ចប់ការប្រកួត និងសន្យាថា ប្រកួតក្រោយៗកែប្រែចំណុចខ្វះខាត និងកំហុសលើកនេះឱ្យបានល្អជាងមុន។

គួរឱ្យដឹងផងដែរថា កីឡាកររិន សារ័ត្ន ជាកីឡាករជើងខ្លាំងមួយរូបដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងវិស័យគុនខ្មែរធ្លាប់បានឡើងប្រកួតលើសង្វៀនធំៗជាច្រើននៅក្នុងស្រុក៕
ដោយ៖វិកគី

សូមទស្សនាវីដេអូខាងក្រោមនេះ៖

