ភ្នំពេញ៖ នៅលើសង្វៀនគុនខ្មែរឆេមពានចុងសប្តាហ៍នេះ ប្រាកដជាជក់ចិត្តជាពុំខាន ព្រោះថាកីឡាករដែលត្រូវបានផ្គូរផ្គង់ឱ្យឡើងប្រកួតនៅលើសង្វៀន ចម្រាញ់សុទ្ធតែជាកីឡាករជើងខ្លាំង។សង្ឃឹមថា មិនធ្វើឱ្យបងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរខកបំណងឡើយ។

សមាសភាពកីឡាករដែលនឹងត្រូវឡើងប្រកួតនៅលើសង្វៀនគុនខ្មែរឆេមពាននៅថ្ងៃអាទិត្យទី១៨ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង១១ព្រឹកតទៅ មានដូចជា៖
គូពិសេសគុនខ្មែរ៣ទឹកការប្រកួតរវាងកីឡាករ រ៉ាន រាក់ មកពីក្លឹបជ្រៃសែនជ័យ ជួបជាមួយកីឡាករ អៀន សុខណា មកពីក្លឹបសុភានូគុនខ្មែរក្នុងការប្រកួតប្រភេទទម្ងន់៥៧គីឡូក្រាម។ គូទី២គឺជាការជួបគ្នារវាងកីឡាករទេព យិនយ៉ាង ប៉ះជាមយយកីឡាករ សុវណ្ណ រស់ជាតិ ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។

ចំណែកការប្រកួតគូមិត្តភាពអន្តរជាតិ៥ទឹកវិញ រួមមានកីឡាករគុនខ្មែរហ៊ឹម សេរី មកពីក្លឹបជ្រៃសែនជ័យ ប៉ះជាមួយកីឡាករថៃ ភេតសេរី ថៃ លូកឡុងតាន់។ កីឡាករឡៅ សៃណេត ប៉ះជាមួយ កីឡាករ ភេតច្ចាសកន តភេតតាវ៉ាន់ មកពីប្រទេសថៃ។ គូជក់ចិត្តគឺជាជំនួបសងសឹកក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមរវាងកីឡាករ អេអាំម៉ារីនភូថង ប៉ះជាមួយដៃគូចាស់ឈោកមង្ឃុន ផាក់យ៉ាក របស់ថៃ។

ការប្រកួតនៅលើសង្វៀន Kun Khmer Champion នៅស្ថានីយ៍ទូរទស្សន៍ Town Full HDTV ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV Town Sports និង Champion Energy Drink Cambodiaផងដែរ៕

ដោយ៖ វិកគី

