ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញសម្ពោធរោងចក្រផលិតស្បែងជើងតម្លៃជាង ៦.៤លានដុល្លារ នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធជាផ្លូវការក្រុមហ៊ុនផលិតស្បែកជើងមួយឈ្មោះ អល វីន ស៊ូ (ខេមបូឌា) ឯ.ក ស្ថិតនៅស្រុកសំរោងទង នៅខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគសរុបប្រមាណ៦.៤លានដុល្លារអាម៉េរិក។

លោក ហ៊ូ ឆាវហួយ អគ្គនាយកក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុនអាចផលិតស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិប្រមាណ ៣លានគូក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងផ្ទះក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងដើម្បីនាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិក។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក ជាការវិនិយោគថ្មីមួយទៀតសម្រាប់ការផលិត នាំចេញស្បែកជើង ទាំងស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិ។ នេះក៏ជាការបន្ថែមឱកាសការងារដល់កម្មករនិយោជិតក្នុងស្រុកជាច្រើនសន្ធឹកសន្ធាប់ បង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅទាំងកម្រិតបុគ្គល និងកម្រិតសហគមន៍ផងដែរនោះ។

ឯកឧត្តមបណ្ឌិតបានកោតសរសើរររដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារ ដែលកន្លងមកបានយកចិត្តទុកដាក់ដល់កម្មករនិយោជិត និងនិយោជកនៅក្នុងខេត្ត ជាពិសេសការចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការទាក់ទាញវិនិយោគទុនឱ្យបង្កើតរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត ដើម្បីបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា សមិទ្ធផលខាងលើនេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ ការប្រែក្លាយតំបន់ដីចម្ការមីន ដីគ្មានប្រជាពលរដ្ឋរស់នៅ តំបន់អតីតសមរភូមិ តំបន់ជម្លោះព្រំដែនទៅជាតំបន់សន្តិភាព សហប្រតិការ និងការអភិវឌ្ឍ ក្លាយទៅទៅជាតំបន់ប្រជុំជន មានហេដ្ឋារចនាសម្ពន្ធផ្លូវ ថ្នល់ ស្ពាន មានផ្សារ សាលារៀន មន្ទីរពេទ្យ វត្តអារាម មានរោងចក្រពង្រាយរហូតដល់តាមបណ្តាខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ មានមុខរបរចិញ្ចឹមជីវិត មានប្រាក់ចំណូល ក្រៅពីធ្វើស្រែធ្វើចម្ការ។

រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការអនុវត្តគោលនយោបាយសំខាន់ៗមួយចំនួន ដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥, ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣, គោលនយោបាយស្តីពីពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩-២០២៣, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ព្រមទាំងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២