ភ្នំពេញ៖ ការប្រកួតលក្ខណៈម៉ាហ្វៃមួយទឹក ៩ នាទីរបស់កីឡាករម៉ឺន មេឃាបានត្រឹមស្មើតែប៉ុណ្ណោះ ដោយសារតែដៃគូរបស់គេរឹងខ្លាំងពេក ពិបាកក្នុងការវាយឱ្យដួល។


មេឃាបានជួបប្រកួតជាមួយនឹងកីឡាករថៃឃុំភេត សរាំងឆៃ ដែលជាកីឡាករមានបទពិសោធន៍ក្រាស់ក្រែលគ្រាន់បើ ហើយក្នុងការប្រកួត ៩ នាទីពេញនោះ គេបានសង្កេតឃើញថា មេឃាព្យាយាមប្រើប្រាស់បច្ចេកទេសទាំងភាពវ័យឆ្លាត និងកម្លាំងនៅក្នុងការប្រកួត ប៉ុន្តែមិនអាចផ្តួលកីឡាករថៃរូបនោះបានឡើយ។


កីឡាករគុនខ្មែរវ័យក្មេង ដែលជាម្ចាស់មេដៃមាសស៊ីហ្គេមម៉ឺន មេឃា ក៏បានឲ្យដឹងដែរថា រូបគេក្រោយប្រកួតចប់ទទួលបានបទពិសោធន៍ជាច្រើនពីដៃគូ ដោយសារតែដៃគូគឺបានប្រើប្រាស់នូវបច្ចេកទេសនៅក្នុងការទាត់ធាក់វាយ បោកជាច្រើន ធ្វើឲ្យគេដឹងអំពីភាពខ្លាំង និងភាពខ្សោយរបស់ដៃគូប្រកួតគឺកីឡាករដែលធន់ និងពូកែឡាំ ។


ដំបូងឡើយនៅក្នុងការប្រកួតនេះ មេឃាបាននិយាយថា ខ្លួនគិតថាអាចផ្ដាច់គូប្រកួតបាន ប៉ុន្តែក្រោយមកពេលដែលដឹងអំពីភាពខ្លាំងរបស់គេហើយ ក៏ប្ដូរមកជាការវាយមួយៗវិញម្ដងរហូតដល់បញ្ចប់ប្រាំបួននាទីពេញគឺលទ្ធផលបានត្រឹមស្មើគ្នា៕

ដោយ៖វិកគី

