សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើក្រសួងការពារជាតិមីយ៉ាន់ម៉ា និងធនាគារចំនួនពីររបស់ប្រទេសនេះ

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រសួងការពារជាតិមីយ៉ាន់ម៉ា និងធនាគារពីរដែលរបបយោធាប្រើប្រាស់ដើម្បីទិញអាវុធ និងទំនិញផ្សេងទៀតពីបរទេស។ ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធម្សិលម៉ិញនេះថា យោធាបានពឹងផ្អែកលើប្រភពបរទេស រួមទាំងអង្គភាពរុស្ស៊ីដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ដើម្បីទិញ និងនាំចូលអាវុធ បរិក្ខារ និងវត្ថុធាតុដើមសម្រាប់ផលិតអាវុធ ដើម្បីគាំទ្រដល់ “ការគាបសង្កត់យ៉ាងឃោរឃៅ” របស់ខ្លួន។

ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ក្រសួងការពារជាតិរបស់មីយ៉ាន់ម៉ាថា បាននាំចូលទំនិញ និងសម្ភារៈមានតម្លៃយ៉ាងហោចណាស់ 1 ពាន់លានដុល្លារចាប់តាំងពីរដ្ឋប្រហារឆ្នាំ 2021 ដែលក្នុងនោះមេដឹកនាំយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ជ័យលាភីរង្វាន់ណូបែលសន្តិភាព។ ធនាគារពាណិជ្ជកម្មបរទេសមីយ៉ាន់ម៉ា (MFTB) និងធនាគារ Myanma Investment and Commercial Bank (MICB) ដែលគ្រប់គ្រងដោយរដ្ឋក៏ត្រូវបានរងទណ្ឌកម្មផងដែរ។

សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បានដាក់ទណ្ឌកម្មជាច្រើនលើកមកលើឧត្តមសេនីយរបស់មីយ៉ាន់ម៉ា ចាប់តាំងពីពួកគេបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ 2021 និងបានបង្ក្រាបដោយកម្លាំងលើការតវ៉ាដ៏ធំ៕


ប្រភព៖ Al Jazeera
ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២