អូស្ត្រាលីប្រកាសផ្តល់កញ្ចប់ជំនួយថ្មី 74លានដុល្លារដល់អ៊ុយក្រែនបន្ថែមទៀត

អូស្ត្រាលី ដែលជាអ្នករួមចំណែកដ៏ធំបំផុតមួយ នឹងបញ្ជូនយានជំនិះយោធាចំនួន 70 គ្រឿងបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកនៃកញ្ចប់ជំនួយយោធាចុងក្រោយបំផុតសម្រាប់ប្រទេសនេះ។ នាយករដ្ឋមន្ត្រី Anthony Albanese បានប្រកាសកញ្ចប់ថវិកាចំនួន 110 លានដុល្លារអូស្ត្រាលី (73.5 លានដុល្លារ) នាថ្ងៃច័ន្ទនេះ ហើយបានប្រាប់អ្នកសារព័ត៌មានថា ផែនការនេះកំពុងស្ថិតក្រោមការពិចារណា មុនពេលភាពចលាចលចុងសប្តាហ៍កន្លងតៅនេះ នៅក្នុងប្រទេសរុស្ស៊ី។

កញ្ចប់ជំនួយថ្មីនេះនឹងរួមបញ្ចូលរថពាសដែក M113 ចំនួន 28 គ្រឿង,រថពាសដែកប្រតិបត្តិការពិសេសចំនួន 14 គ្រឿង, រថយន្តដឹកទំនិញធុនមធ្យមចំនួន 28 គ្រឿង និងរ៉ឺម៉កចំនួន 14 គ្រឿង ព្រមទាំងការផ្គត់ផ្គង់បន្ថែមនូវគ្រាប់កាំភ្លើងធំ 105 មីលីម៉ែត្រផងដែរ។

លោក Albanese បាន​និយាយ​ថា​៖ «​អូស្ត្រាលី​មិន​ងាករេ​ក្នុង​ការ​តាំងចិត្ត​របស់​ខ្លួនដើម្បី​ថ្កោលទោស និង​ប្រឆាំង​សកម្មភាព​របស់​រុស្ស៊ី និង​ដើម្បី​ជួយ​អ៊ុយក្រែន​ឲ្យ​ទទួល​បាន​ជ័យជម្នះនោះទេ។


កញ្ចប់ជំនួយដែលមិនរួមបញ្ចូលរថពាសដែកធុនស្រាល Hawkei ឬយានជំនិះថ្មើរជើង Bushmaster ដែលត្រូវបានស្នើសុំដោយទីក្រុង Kyiv កើតឡើងនៅពេលដែលអ៊ុយក្រែនបន្តការវាយលុកដើម្បីរុញច្រានកងកម្លាំងរុស្ស៊ីចេញពីតំបន់ដែលពួកគេកាន់កាប់នៅភាគខាងកើតនៃប្រទេស។ លោក Serhiy Cherevatyi អ្នកនាំពាក្យសម្រាប់បញ្ជាការយោធាភាគខាងកើតរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា យោធាបានរុលទៅមុខយ៉ាងហោចណាស់ 600 ម៉ែត្រ (1,970 ft) កាលពីថ្ងៃមុននៅជិត Bakhmut ដែលជាទីក្រុងដែលកាន់កាប់ដោយកងកម្លាំង Wagner ក្នុងខែឧសភា បន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនខែ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មានការវាយប្រហារយ៉ាងហោចណាស់ចំនួន10កន្លែង នៅក្នុងតំបន់នោះ ដែលពួកគេបានវាយបក។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសអូស្ត្រាលីក៏នឹងបន្តការប្រើប្រាស់ដោយមិនបង់ពន្ធសម្រាប់ទំនិញដែលនាំចូលពីអ៊ុយក្រែនសម្រាប់រយៈពេល 12 ខែបន្ថែមទៀត ដើម្បីគាំទ្រដល់ការងើបឡើងវិញ និងឱកាសពាណិជ្ជកម្មរបស់ខ្លួន។ ការប្តេជ្ញាចិត្តបន្ថែមនេះបានយកការរួមចំណែកសរុបរបស់ប្រទេសអូស្ត្រាលីក្នុងការជួយដល់អ៊ុយក្រែនដល់ទៅ 790 លានដុល្លារអូស្ត្រាលី (529 លានដុល្លារ) គឺច្រើនជាងបីភាគបួននៃជំនួយយោធា៕

ប្រភព៖ Al Jazeera

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២