ភ្នំពេញ៖ កីឡាការនីគុនខ្មែររូបស្រស់វ័យក្មេងទូច ចាន់វត្តី បានធ្វើឲ្យមហាជនកោតសរសើរគ្រប់ទិសទីក្រោយពីឡើងប្រកួតលើសង្វៀនវើកប្រដាល់គុនខ្មែររបស់ស្ថានីយទូរទស្សន៍ថោន។

ក្នុងការប្រកួតជំនួបគូមិត្តភាពអន្តរជាតិលើសង្វៀនរបស់ស្ថានីយទូរទស្សន៍ថោនកាលពីចុងសប្តាហ៍កន្លងទៅនេះ មិនដល់រយៈពេល១០វិនាទីផង វត្តីបានផ្តាច់កីឡាការិនីមកពីប្រទេសចិន ដោយប្រើក្បាច់រន្ទះជើងពិឃាដរបស់ខ្លួន ទាត់ខ្ពស់ៗចូលចំកញ្ចឹងក ធ្វើឱ្យដៃគូប្រកួតដួលសន្លប់ដេកស្តូកស្តឹងនៅលើសង្វៀន បានធ្វើឱ្យអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ ដែលបានមកទស្សនានៅសង្វៀនផ្ទាល់យ៉ាងច្រើនកុះករនោះ បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពងពេញស្ថានីយ។

ក្រៅពីអ្នកទៅទស្សនានៅស្ថានីយផ្ទាល់ មហាជនដែលទស្សនាតាមកញ្ចក់ទូរទស្សន៍ និងតាមហ្វេសប៊ុកផេករបស់ថោនបាននាំគ្នាស៊ែរបង្ហោះ ចែកចាយវីដេអូ វត្តីព្រោងព្រាតគ្រប់ពេញបណ្តាញសង្គម មិននឹកស្មានថាកីឡាការនីគុនខ្មែររូបនេះ ធ្វើបានល្អបែបនេះឡើយ។

សូមជម្រាបជូនផងដែរថា ក្រោយពីបញ្ចប់បេសកកម្មព្រឹត្តិការណ៍ស៊ីហ្គេមភ្លាម វត្តីខិតខំហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់បំផុតរហូតឡើងប្រកួតទទួលបានលទ្ធផលល្អជាទីគាប់របែបនេះ ។

ដោយឡែកកម្មវិធីបើកប្រកួតគុនខ្មែរនេះគឺមានផ្សាយផ្ទាល់រាងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៧យប់តទៅ នៅស្ថានីយ៍ទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV និងTown Sports ៕

ដោយ ៖វិកគី

