ចាំមើលៗ ខ្លាចាស់ឡុង ជិន ប៉ះជាមួយជើងខ្លាំងឆ្លងដែនមកពីប្រទេសឡាវ តើអ្នកណាអាចធ្វើឱ្យដៃគូដួលសន្លប់នៅលើសង្វៀនWurkz ប្រដាល់គុនខ្មែរនាចុងសប្តាហ៍នេះ?

ភ្នំពេញ ៖ កីឡាករគុនខ្មែរឡុង ជិន ជាកីឡាករមួយរូបដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង និងសម្ថភាពមិនធម្មតាទទួលបានការគាំទ្រពីមហាជននាពេលកន្លងមក ឥឡូវនេះកីឡាកររូបនេះនឹងបង្ហាញវត្តមាននៅលើសង្វៀនវើកគុនខ្មែរនៅក្នុងការប្រកួត ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាមនាចុងសប្តាហ៍នេះ។

បន្ទាប់ពីបាត់មុខមួយរយៈនៅលើសង្វៀនរបស់ស្ថានីយទូរទស្សន៍ថោនពេលនេះកីឡាករឡុង ជិនបានត្រឡប់មកវិញជាមួយនឹងការប្រកួតលក្ខណៈគុនខ្មែរមិត្តភាពអន្តរជាតិ បីទឹកក្នុងមួយទឹកគឺមានរយៈពេល ៣ នាទី ។ការប្រកួតនៅលើសង្វៀនវើកគុនខ្មែរ៨ទិស នាចុងសប្តាហ៍នេះ កីឡាករឡុង ជិននឹងត្រូវជួបប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសឡាវដែលមានឈ្មោះថា កង ឆៃឌែន។

 

កីឡាករឡាវ កងឆៃឌែន កន្លងមកធ្លាប់បានឡើងមកប្រកួតនៅលើសង្វៀនរបស់ស្ថានីយទូរទស្សន៍ថោនរួចមកហើយ ហើយក្នុងនោះការប្រកួតរបស់គេពិតជាធ្វើបានល្អ និងធ្វើឱ្យមហាជនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរមានការចាប់អារម្មណ៍គ្រប់គ្នា។

បើក្រឡេកមកមើលកីឡាករគុនខ្មែរឡុង ជិនរបស់យើងវិញ កាលពីពេលកន្លងទៅ ក៏ធ្លាប់ជាកីឡាករជើងខ្លាំងមួយរូប ដែលផ្ដួលគូប្រកួតញឹកញាប់នៅលើសង្វៀននៃស្ថានីទូរទស្សន៍ថោនជាច្រើនរួចមកហើយដែរ។ ចាំមើលៗនៅក្នុងការប្រកួតលើសង្វៀន ៨ទិសរបស់វើកគុនខ្មែរនេះវិញ តើកីឡាករឡុង ជិន អាចផ្ដួលគូប្រកួតដែលជាជើងខ្លាំងឆ្លងដែនមកពីប្រទេសឡាវបានដែរឬយ៉ាងណា?។

 

សូមជម្រាបផងដែរថា សង្វៀនវើកប្រដាល់គុនខ្មែរ នឹងរៀបចំការប្រកួតនៅថ្ងៃសៅរ៍ទី ១ ខែកក្កដា ឆ្នាំ២០២៣នេះ ចាប់ពីវេលាម៉ោង ៧ យប់តទៅនៅស្ថានីយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោនហ្វូលអ៊ិចឌីធីវី និងTown Sportsផងដែរ ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២