ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតនៅក្នុងវគ្គជម្រុះវើលខាប់២០២៦ជុំទី ១ ដែលជាការប្រកួតវគ្គជម្រុះជើងឯកពិភពលោកឆ្នាំ ២០២៦ ដ៏ធំប្រចាំនៅតំបន់អាស៊ី ដែលនឹងធ្វើឡើងនៅក្នុងថ្ងៃទី ២៧ កក្កដាឆ្នាំ ២០២៣ ដោយមានប្រទេសចំនួន២០ ដែលមានចំណាត់ថ្នាក់នៅអាស៊ីចាប់ពីលេខ ២៧ ដល់ ៤៦ ចូលរួមប្រកួត។

ការចាប់ឆ្នោតសម្រាប់ការប្រកួតវគ្គជម្រុះជើងឯកពិភពលោកឆ្នាំ២០២៦ (World Cup 2026) ប្រចាំតំបន់អាស៊ីនឹងធ្វើនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រទេសចំនួន២០ ដែលមានចំណាត់ថ្នាក់នៅអាស៊ីចាប់ពីលេខ២៧ ដល់៤៦។

ដោយសារប្រទេសស្រីលង្កាត្រូវបានជាប់ពិន័យ និងជម្រើសកោះ Northern Mariana ដែលមិនមែនជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ដូច្នេះក្រុមចំនួន១៨ត្រូវចាប់ឆ្នោត និងប្រជែងវគ្គជម្រុះជុំទី១ដើម្បីជ្រើសរើសក្រុមចំនួន៩ឡើងទៅវគ្គជម្រុះជុំទី២ នៅតំបន់អាស៊ី។ក្រុមជម្រើសជាតិពីលេខ១ដល់លេខ៩ខាងលើ នឹងមិនប៉ះគ្នាទេ ហើយក្រុមលេខ១០ដល់លេខ១៨ក៏នឹងមិនប៉ះគ្នាដែរ។

ចំពោះក្រុមជម្រើសជាតិកម្ពុជានឹងប៉ះក្រុមជម្រើសជាតិមួយក្នុងចំណោមជម្រើសជាតិ ម៉ាកាវ ម៉ុងហ្គោលី ប៊ូតាន់ ឡាវ ព្រុយណេ បង់ក្លាដែស ទីម័រខាងកើត ប៉ាគីស្ថាន និងកោះហ្គាំ។
ការប្រកួតជម្រុះជុំទី១ ជើងទី១នឹងធ្វើនៅថ្ងៃទី១២ ខែតុលា និងជើងទី២នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសយក៩ក្រុមឡើងទៅប្រកួតជម្រុះជុំទី២បន្តទៀតនៅតំបន់អាស៊ី។

ការប្រកួតនៅក្នុងវគ្គជម្រុះជើងឯកពិភពលោកឆ្នាំ 2026 ខាងមុខនេះអាចនិយាយបានថា ជាការវាស់ស្ទង់សមត្ថភាពថ្មីមួយទៀតសម្រាប់ក្រុមជម្រើសជាតិកម្ពុជាយើង ដែលនឹងត្រូវមានវត្តមាននៅលើឆាកអន្តរជាតិក៏ដូចជាធ្វើការដ៏ធំសម្រាប់ការយកមុខមាត់មកជូនជាតិសារជាថ្មី ក្រោយពីការប្រមូលផ្ដុំហ្វឹកហាត់កន្លងមកក៏ដូចជាឆ្លងកាត់ការប្រកួតជាច្រើនដើម្បីដកស្រង់បច្ចេកទេស៕
ដោយ៖វិកគី

