ឡើងផ្អើលម៉ាក្រុងព្រះសីហនុ! បុរសជនជាតិបរទេសម្នាក់អើតក្បាលតាមបង្អួចស្រែកឱ្យគេជួយ សមត្ថកិច្ចនឹកស្មានតែមានរឿងបទល្មើសអ្វី តាមពិតមានរឿងបែបនេះសោះ

សមត្ថកិច្ចនៅក្នុងក្រុងព្រះសីហនុបាននាំគ្នាសម្រុកទៅជួយបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលស្នាក់នៅផ្ទះសំណាក់មួយកន្លែងយីហោម៉ាយ៉ា នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយនឹកស្មានថា មានរឿងបទល្មើសអ្វីមួយ បានកើតឡើងចំពោះបុរសជនជាតិបរទេសរូបនោះ បានជារូបគេស្រែកតាមបង្អួចឱ្យគេឯងជួយបែបនេះ។

តែនៅពេលសមត្ថកិច្ចឡើងទៅដល់ សមត្ថកិច្ចមានការហួសចិត្តយ៉ាងខ្លាំង ដោយគ្រាន់តែជាប់គន្លឹះទ្វារបន្ទប់ទឹកសោះ បុរសជនជាតិបរទេសរូបនេះបានស្រែកឱ្យគេឯងជួយឡើងផ្អើលដល់អា​ជ្ញាធរ និងសមត្ថកិច្ចក្រុងព្រះសីហនុចុះមកជួយធ្វើអន្តរាគមន៍ដល់កន្លែងភ្លាមៗ។

បើតាមសមត្ថកិច្ចក្រុងព្រះសីហនុបានឱ្យដឹងថា នៅពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានជនជាតិបរទេសម្នាក់ស្រែកតាមបង្អួចឱ្យជួយ សមត្ថកិច្ចក៏បាននាំគ្នារត់ខ្វែងដៃខ្វែងជើងដើម្បីទៅធ្វើអន្តរាគមន៍ជួយបុរសជនជាតិឥណ្ឌូនេស៊ីរូបនោះ ដោយនឹកស្មានថា ក្រែងមានករណីចាប់ជំរិត តែនៅពេលទៅពិនិត្យដល់កន្លែងទើបដឹងថាបុរសរូបនោះជាប់គន្លឺះទ្វារបន្ទប់ទឹកសោះ។នៅពេលនោះ សមត្ថកិច្ចបាននាំគ្នាជួយគាស់ទ្វារបន្ទប់ទឹកដើម្បីយកបុរសជនជាតិឥណ្ឌូនេស៊ីរូបនោះចេញពីបន្ទប់ទឹកភ្លាមៗ។ហេតុការណ៍នេះបានកើតឡើង នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២