ភ្នំពេញ៖ ពិតជាគួរឱ្យសោកស្តាយមែនទែន ដែលក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៩ឆ្នាំ ត្រូវអស់ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីដណ្តើមពានបាល់ទាត់នារីអាស៊ាន អាយុក្រោម ១៩ឆ្នាំ 𝗔𝗙𝗙 𝗨-𝟭𝟵 𝗪𝗼𝗺𝗲𝗻’𝘀 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀𝗵𝗶𝗽ហើយ នាពេលនេះ។

បន្ទាប់ពី 𝗨-𝟭𝟵 នារីមីយ៉ាន់ម៉ា បានប្រកួតចាញ់ 𝗨-𝟭𝟵 នារីថៃ ត្រឹម ១-០ ដែលនាំឱ្យមីយ៉ាន់ម៉ា ឈរនៅលំដាប់លេខ២ ក្នុងពូល 𝗕 រកបាន ៣ពិន្ទុដូចគ្នា ប៉ុន្តែសម្រាប់ក្រុម 𝗨-𝟭𝟵 នារីកម្ពុជាវិញ ដោយសាររបូតគ្រាប់បាល់ ទើបបណ្តាលឱ្យអស់ឱកាសបែបនេះ។

ដោយមិនគិតលទ្ធផលជាមួយ ទីម័រខាងកើត, កម្ពុជា មាន ៣ពិន្ទុ ប៉ុន្តែខាតគ្រាប់បាល់ដល់ទៅ ៤គ្រាប់ (-៤គ្រាប់) ស្របពេលដែល មីយ៉ាន់ម៉ា មាន ៣ពិន្ទុដែរ ប៉ុន្តែមិនមានការខាតគ្រាប់បាល់ឡើយ (០គ្រាប់) ដូច្នេះមីយ៉ាន់ម៉ា ជាក្រុមលេខ២ល្អ ដែលនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ មីយ៉ាន់ម៉ា ថៃ វៀតណាម។

សូមជម្រាបផងដែរថា នេះត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រមួយសម្រាប់ 𝗨-𝟭𝟵 នារីកម្ពុជា ដែលអាចរកជ័យជម្នះបាន ២ប្រកួតជាប់ៗគ្នា និងចាញ់ឥណ្ឌូណេស៊ីក្នុងការប្រកួតចុងក្រោយលទ្ធផល៥ទល់នឹង០ នៅ៧:៣០នាទី នៅកីឡដ្ឋាន Gelora Sriwijaya Stadium កាលពីយប់ថ្ងៃទ០៩ ខែកក្កដាកន្លងទៅនេះ៕

ដោយ៖វិកគី

