នៅឆមាសទី១ឆ្នាំនេះ កម្ពុជារកចំណូលបានជាង ៣២០លានដុល្លារពីការ នាំចេញជ័រកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ

ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២៣នេះ កម្ពុជារកចំណូលបានពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិបានជាង ៣២០ លានដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២គឺមានការកើនឡើងប្រមាណជាង ៤២.១ ភាគរយៈ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ដោយឡែកសម្រាប់ការនាំចេញកៅស៊ូនៅក្នុងខែមិថុនា ឆ្នាំ ២០២៣នេះ កម្ពុជាទទួលបានចំណូលជិត ៦៤ លានដុល្លា ដោយមានការ​កើនឡើងរហូតដល់ ៤៤.៨ ភាគរយ នេះបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដោយមានទំហំទឹកប្រាក់ជាង​ ៤៤ លានដុល្លារ។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែលបានឱ្យដឹងថា កាលពីឆ្នាំ ២០២២ កម្ពុជាបានរកចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិបានប្រមាណជា ៥៤១. ៦៦ លានដុល្លារ មានការកើនឡើង ២៨.៣ ភាគរយ នេះបើធៀបនឹងឆ្នាំ ២០២១។ហើយទីផ្សារ​សំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបទំហំ ៤០៤ ៥៧៨ ហិកតា ក្នុងនោះកៅស៊ូដែលអាចចៀរជ័រ​បានមានផ្ទៃដីទំហំ ៣១៥ ៣៣២ ហិកតា ស្មើនឹង ៧៨ ភាគរយ និងផ្ទៃដីថែទាំមានទំហំ៨៩ ២៤៦ ហិកតា ស្មើនឹង ២២ ភាគរយ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២