ភ្នំពេញ៖ ការប្រកួតនៅលើសង្វៀន Wurkzប្រដាល់គុនខ្មែរ ដែលជាសង្វៀន៨ទិស នាថ្ងៃសៅរ៍ទី១៥ ខែកក្កដា ឆ្នាំ ២០២៣ នាចុងសប្តាហ៍នេះ កាន់តែកក្រើក កាន់តែពិសេសជាមួយនឹងវត្តមានកីឡាករល្បីៗជាច្រើនរូបទាំងជាតិ និងអន្តរជាតិ ដែលបានណាត់គ្នាឡើងប្រកួតសាកណ្ដាប់ដៃគ្នាដើម្បីរកជើងខ្លាំងនៅលើសង្វៀនក្នុងសប្តាហ៍នេះ។


ក្នុងនោះវត្តមានកីឡាករឃុន ឌីម៉ា ដែលបងប្អូនធ្លាប់តែស្គាល់ឈ្មោះថាឃឹម ឌីម៉ា ជាកីឡាករប្រដាល់សេរីកម្ពុជាតែម្នាក់គត់ ដែលទទួលបានមេដៃមាសក្នុងប្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី29 នៅប្រទេសម៉ាឡេស៊ី ដែលបានរងរបួសជើងខាងស្ដាំ ហើយត្រូវធ្វើការវះកាត់ និងសម្រាកពីវិស័យគុនខ្មែរមួយរយៈធំនោះ ឥឡូវនេះរូបគេបានជាសះស្បើយ និងវិលត្រឡប់មកកាន់សង្វៀនគុនខ្មែរវិញហើយ។ហើយការវិលត្រឡប់មកកាន់សង្វៀនគុនខ្មែរជាថ្មីនេះ រូបគេត្រូវប៉ះជាមួយកីឡាករ អាប់ឌុល ប៊ុលដ្រា ដែលជាកីឡាករជើងខ្លាំងមួយរូបមកពីប្រទេសម៉ារ៉ុក ដែលខំជិះយន្តហោះចម្ងាយរាប់ពាន់គីឡូម៉ែត្រស្កាត់មកជួប និងសាកកណ្តាប់ដៃជាមួយ ឃុន ឌីម៉ា នៅលើសង្វៀន Wurkzប្រដាល់គុនខ្មែរនាចុងសប្តាហ៍នេះ។

សូមជម្រាបផងដែរថា ការប្រកួតនៅលើសង្វៀន Wurkzប្រដាល់គុនខ្មែរ ជាសង្វៀន៨ទិសដ៏ស្រស់ស្អាត និងមានតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនាំមកជូនដោយស្ថានីយទូរទស្សន៍ថោនរួមសហការជាមួយនឹងភេសជ្ជៈប៉ូវកម្លាំងវើក ក៏មានការប្រកួតលក្ខណៈ Mas Fight មួយទឹកប្រាំបួននាទីចំនួន ២ គូ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមផងដែរក្នុងនោះកីឡាករ សេក សារ៉ាន់ ត្រូវប៉ះជាមួយកីឡាករសុវណ្ណ កុមារ, គូទី២កីឡាករ ម៉ន វណ្ណី ប៉ះជាមួយកីឡាករ ហ៊ុន ឈុនហេង ។

ការប្រកួតគូពិសេសអន្តរជាតិ៣ទឹក ក្នុង១ទឹក៣នាទីមានកីឡាករគោរមះ ចាន់រាជ ប្រកួតជាមួយកីឡាករក្រៃថង ភីខេសែនឆៃ មកពីប្រទេសថៃ។ កីឡាករឡុង សំណាង ឡើងមកប្តូរកណ្តាប់ដៃជាមួយឃុមភេត សរាំង ឆៃ មកពីប្រទេសថៃ។

កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា នៅថ្ងៃសៅរ៍ទី១៥ ខែកក្កដា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ៧ យប់តទៅ។ បងប្អូនអាចចូលរួមទស្សនាដោយសេរីបាននៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន ក៏ដូចជាផេក Town Sports និង Wurkz ផងដែរ៕

ដោយ៖វិកគី

