ដឹងយ៉ាងណា យ៉ាងណីទេ យេន ឌីណា ជួបជាមួយជើងខ្លាំងរុស្សី ជំនួសអាំម៉ារីនភូថង​ លើសង្វៀនថោនចុងសប្តាហ៍នេះ

ភ្នំពេញ៖ ការប្រកួតនាល្ងាចថ្ងៃអាទិត្យថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះកាន់តែខិតជិតមកដល់ហើយ តែនៅមានការមិនអស់ចិត្តពីសំណាក់អ្នកគាំទ្រជាច្រើនរឿងកីឡាករយេន ឌីណា ដែលចូលខ្លួនមកជំនួសកីឡាករ អេ អាំម៉ារីនភូថង ដែលត្រូវប្រកួតប៉ះជាមួយកីឡាករ សូឡូវី ស៊ើហ្គី ដែលត្រូវបានគេចាត់ទុកថាជាកីឡាករជើងខ្លាំងមកពីប្រទេសរុស្សី។

ដើម្បីត្រៀមខ្លួនជួបជាមួយកីឡាករជើងខ្លាំងមកពីប្រទេសរុស្សីរូបនេះ យេន ឌីណា បានបង្ហើបប្រាប់ថា រួបគេបានត្រៀមធ្វើការហ្វឹកហាត់ បានរយៈពេល១សប្តាហ៍មកហើយ ដោយហេតុថា រូបគេត្រូវប្តូរជំនួសសិស្សប្អូន ហើយអ្វីដែលកាន់តែលំបាកជាងនេះគឺរូបគេមិនធ្លាប់ស្គាល់ដៃគូរូបនេះពីមុនមកឡើយ គ្រាន់តែដឹងថា កីឡាកររុស្សីរូបនោះជាកីឡាករជើងខ្លាំងមួយរូប ដែលពិបាករកដៃគូប្រកួតជាមួយគាត់ តែទោះជាយ៉ាងណា រូបគេនឹងព្យាយាមតាមដានពីដៃគូ និងព្យាយាមហ្វឹកហាត់ឱ្យបានខ្លាំងដើម្បីទទួលបានជោគជ័យនៅលើសង្វៀន។

កីឡាករម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះក៏បានបង្ហាញចំណាប់អារម្មណ៍កោតសរសើរលើកម្មវិធីប្រកួតដណ្តើមខ្សែក្រវាត់«តេជោសន្តិភាពគុនខ្មែរ វើលឆេមពាន»នេះថា ជាកម្មវិធីមួយថ្មីដែលកន្លងមកនៅក្នុងស្រុកខ្មែរមិនធ្លាប់មានឡើយ។

 

បន្ថែមពីនេះទៀតយេន ឌីណា ក៏បានបង្ហើបថា ប្រសិនបើមានការរៀបចំព្រឹត្តិការណ៍បែបនេះទៀត រូបគេក៏ចង់ក្លាយជាបេក្ខភាពដណ្តើមខ្សែក្រវ៉ាត់ដូចជាកីឡាករព្រំ សំណាង និងធឿន ធារ៉ា ដែរ។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះនឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នាចុងសប្តាហ៍នេះ នៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៧យប់តទៅ៕

ដោយ៖ វិគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២