អាណិតណាស់! ស្ត្រីម្នាក់កំពុងតែរុញរទេះកូនតាមផ្លូវសុខៗត្រូវបានឃាតកដៃដល់ កាប់ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត

ដោយសារតែខឹងជនរងគ្រោះដើរនិយាយដៀមដាមថា ខ្លួនជាជនជួញដូរគ្រឿងញៀន ជនសង្ស័យបានយកកាំបិតផ្គាក់មកកាប់សន្ធាប់លើជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត។ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៥ និង ៥៨ នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវកៅស៊ូ មុខផ្ទះឈ្មោះ យិន គឿន ភេទ ស្រី អាយុ ៦៩ ឆ្នាំ ភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

ជនសង្ស័យនៅក្នុងអំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃនេះមានឈ្មោះ ចិន គឹមហ័រ ភេទប្រុស ជនជាតិ ខ្មែរ អាយុ ៤២ ឆ្នាំ ។ ចំណែកជនរងគ្រោះ មានឈ្មោះ លាង សុជា ភេទស្រី ជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានរអ៊ូរទាំដាក់ជនរងគ្រោះថា ជនរងគ្រោះដើរនិយាយថា ខ្លួនចែកចាយគ្រឿងញៀន ចាប់តាំងពីពេលល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង ៥ និង៤០នាទី ជនសង្ស័យបានយកកាំបិតផ្គាក់មកកាន់នឹងដៃរបស់ខ្លួន រួចឃើញជនរងគ្រោះ ដើររុញរទេះដឹកកូនអាយុ ១ខួប តាមថ្នល់កៅស៊ូ ជនសង្ស័យក៏ស្ទុះមកកាប់ទៅលើជនរងគ្រោះត្រូវខ្នង ចំនួន ២កន្លែង, ក្បាល ចំនួន ២កន្លែង, ដៃឆ្វេង ចំនួន ២កន្លែង បណ្ដាលឱ្យជនរងគ្រោះដេកស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត ។

ក្រោយពេលកើតហេតុភ្លាម ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលពីលោក តាន់ ប៊ុនលី ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្តព្រៃវែង កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានសហការណ៍ជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ ធ្វើកោសល្យវិច័យ និងបានចាប់ឃាត់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២