យុវជនម្នាក់ជិះម៉ូតូទៅរកទិញកាហ្វេយកមកផឹក ត្រូវជនសង្ស័យមួយក្រុមជិះកៀរម៉ូតូឱ្យដួល រួចប្លន់យកម៉ូតូទៅបាត់ នៅលើស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ​ ៖​ ជនសង្ស័យមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូបីគ្រឿងបានធ្វើសកម្មភាពកៀរផ្ដួលម៉ូតូយុវជនម្នាក់បណ្ដាលឲ្យដួល រួចប្លន់យកម៉ូតូបានសម្រេច ជិះគេចខ្លួនដោយសុវត្ថិភាព។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៣នេះ នៅចំណុចលើស្ពានអាកាស ស្ទឹងមានជ័យខាងត្បូង​ តាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនងគ្រោះមានឈ្មោះ លី វ៉ាន់ដា អាយុ ១៨ ឆ្នាំមុខរបរកាត់កញ្ចក់ ស្នាក់នៅក្នុងសង្កាត់អូរបែកក្អម  ខណ្ឌសែនសុខ  មានស្រុកកំណើត នៅស្រុកឆ្លូង ខេត្តក្រចេះ។ ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីមសង់ស៊េរី ឆ្នាំ២០២២ ពណ៌ក្រហមបិទពណ៌ខ្មៅពាក់ស្លាកលេខក្រចេះ1F-0039។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ រូបគេបានជិះម៉ូតូចេញពីម្ដុំផ្លូវសឡា ទៅទិញអីហូបនៅម្ដុំផ្សារសុវណ្ណា ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្រុមជនសង្ស័យមួយក្រុម មានគ្នា ៥នាក់ ជិះម៉ូតូបីគ្រឿង ដេញមកពីក្រោយបានធ្វើសកម្មភាព កៀរផ្តួលម៉ូតូ រូបគេបណ្តាលឲ្យដួល ហើយក្រុមជនសង្ស័យបានវាយទៅលើរូបគេថែមទៀត រួចជនសង្ស័យប្លន់យកម៉ូតូហើយជិះគេចខ្លួនបាត់ស្រមោល។

​   

បន្ទាប់ពីកើតហេតុ​ ប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបាននាំជនងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីឱ្យសមត្ថកិច្ចកំណត់មុខសញ្ញា​ និងស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕

ដោយ​ ៖​ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២