គ្រាន់តែខឹងម្តាយស្តីបន្ទោសបន្តិចបន្តួច យុវជនចិត្តខ្លាំងម្នាក់ រត់ទៅចងកសម្លាប់ខ្លួន នៅលើដើមរាំងខាងក្រោយផ្ទះ

យុវជនចិត្តខ្លាំងម្នាក់ គ្រាន់តែខឹងម្តាយស្តីបន្ទោសបន្តិចបន្តួចរឿងដើរផឹកស៊ីមិនចូលផ្ទះសម្បែងបានប្រើអំពើហិង្សា និងចងកសម្លាប់ខ្លួននៅនឹងដើមរាំងមួយដើម នៅខាងក្រោយផ្ទះ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៤ និង៣០នាទីរសៀលទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ នៅក្នុងភូមិបត់ត្រង់ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា យុវជនធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងនេះ មានឈ្មោះមុត សុខា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។បើយោងតាមការបំភ្លឺរបស់ ឈ្មោះ ផាន់ ស្រៀង ភេទស្រី អាយុ៥១ឆ្នាំ ជាម្តាយបង្កើតរបស់ជនរងគ្រោះបានបញ្ជាក់ថា កូនរបស់គាត់ដើរធ្វើការស្រុកឆ្ងាយនៅខេត្តកោះកុង ពេលត្រឡប់មកផ្ទះវិញមានអាការៈ ដូចមនុស្សមានរោគសរសៃប្រសាទ។ហើយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ រូបគាត់ជាម្តាយបានស្តីបន្ទោសរឿងបញ្ហាស៊ីផឹក រួចជនរងគ្រោះបានរករឿងជាមួយម្ដាយ ហើយក៏បង្កហិង្សា លុះដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែឃើញកូនរបស់គាត់ចង ក សម្លាប់ខ្លួនឯងនៅនឹងដើមរាំងក្រោយផ្ទះ។

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងសាកសួរបំភ្លឺពីសាក្សីជុំវិញកន្លែងកើតហេតុរួចរាល់ និងបានរាយការណ៍ជូនជំនាញ ដើម្បីសហការតាមនីតិវិធី។

បន្ទាប់ពីបានធ្វើការពិនិត្យ និងកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២