ពិតជាមិនធម្មតា! នារីខ្មែរដំបូងគេបានក្លាយជាអាជ្ញាកណ្តាលកម្រិតFIFA

ភ្នំពេញ៖ កញ្ញា ប្លុង ​ពេជ្រអក្ខរ៉ា គឺជាអាជ្ញាកណ្តាលបាល់ទាត់ មួយរូបដែលជាស្រ្តីដំបូងគេអាចក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ FIFA ប្រចាំព្រះរាជាណាចក្រកម្ពុជា។កញ្ញាបានប្រឡូកជាមួយអាជីពកីឡានេះអស់រយៈពេលជាង១០ឆ្នាំមកហើយ​ រហូតអាចសម្រេចក្តីស្រមៃក្លាយជាអាជ្ញាកណ្តាលស្រ្តីឆ្នើម១រូប ដូចបច្ចុប្បន្ននេះ។​

កញ្ញាបានចាប់ផ្តើមអាជីពនេះដំបូងនៅឆ្នាំ២០១៣ នៅអំឡុងពេលដែលកញ្ញាកំពុងសិក្សាថ្នាក់ទី១០ នៃវិទ្យាល័យហ៊ុន សែន សេរីភាព ខេត្តកណ្តាល​ ដោយកញ្ញាតែងតែលេងនូវកីឡាគ្រប់ប្រភេទ ដូចជាកីឡាបាល់ទាត់ កីឡារត់ចម្ងាយ និងកីឡាជាច្រើនប្រភេទទៀត។

ពេលជួបជាមួយអ្នកយកព័ត៌មានរបស់យើងកញ្ញាក៏បានឱ្យដឹងថា ​ពេលចាប់ផ្តើមធ្វើជាអាជ្ញាកណ្តាលដំបូងនៅឆ្នាំ២០១៤ ដោយបានដឹកនាំការប្រកួតនានា ហើយថាខ្លួនបានជួបប្រទះនូវការបង្អាក់ដំណើរជាច្រើន ដែលគេតែងតែបោះសម្តីថា កញ្ញាមិនអាចសម្រេចបានក្នុងការក្លាយខ្លួនជាអាជ្ញាកណ្តាលអន្តរជាតិនោះទេ។

សូមជម្រាបផងដែរថា កញ្ញាប្លុង ​ពេជ្រអក្ខរ៉ា បានតស៊ូអស់រយៈពេលជិត១០ឆ្នាំ ទីបំផុតកញ្ញាអាចក្លាយជាអាជ្ញាកណ្តាលនារីកម្រិត FIFA ដំបូងគេប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២២ ដោយកាលនោះ កញ្ញាបានដឹកនាំការប្រកួតកីឡាបាល់ទាត់នារីទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ហើយគោលបំណង និងជាក្តីស្រមៃចុងក្រោយដ៏ធំបំផុតរបស់កញ្ញាក្នុងអាជីពនេះគឺចង់ក្លាយជាអ្នកដឹកនាំក្នុងការប្រកួត World Cup ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២